ភ្នំពេញ ៖ ទ័ពមួកខៀវកម្ពុជាបីរូបចុងក្រោយគេបង្អស់នៅប្រទេសម៉ាលី នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ហើយការវិលត្រឡប់នេះ ដោយសារកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសដកកងកម្លាំងមួកខៀវទាំងអស់ចេញពីប្រទេសម៉ាលី ហើយថា បេសកកម្មស្វែងរកសន្តិភាពនៅប្រទេសម៉ាលីនេះ ត្រូវបានបញ្ចប់ បើទោះប្រទេសមួយនេះមិនទាន់បញ្ចប់ភ្លើងសង្គ្រាមក៏ដោយ។
លោក វរៈសេនីយឯក ខាំ សិរិទ្ធ មេបញ្ជាការកំទិចគ្រឿងផ្ទុះកែច្នៃលេខ៨២៨ និងជាមេបញ្ជាកងជួរក្រោយ បានថ្លែងប្រាប់BTV ថា មកដល់ខែមិថុនា ឆ្នាំ២០២៤នេះ កងទ័ពមួកខៀវប្រមាណ ៥៥ប្រទេស ដែលមានកម្លាំងមួកខៀវUNសរុបជាង១៥ម៉ឺននាក់ គឺបានដកថយ និងបានវិលត្រឡប់ទៅប្រទេសជាតិគេវិញអស់ហើយ ក្រោយ រដ្ឋាភិបាលប្រទេសម៉ាលីស្នើសុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យដកកងកម្លាំងUNទាំងអស់ចេញ ដោយសារស្ថេរភាពអសន្តិសុខ និងភ្លើងសង្រ្គាមបាញ់ប្រហារក្នុងប្រទេសម៉ាលីមានកំដៅកាន់តែខ្លាំង។
លោក បន្តថា នៅក្នុងដំណើរការដកកម្លាំងមួកខៀវកម្ពុជាប្រមាណជិត២៧០រូប កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ចេញពីប្រទេសម៉ាលីនេះ គឺធ្វើឡើងចំនួន៦លើក៖ លើកទី១ ដកនិងបានបញ្ជូនត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃ ទី ២៧ ខែ តុលា ឆ្នាំ ២០២៣មាន ចំនួន ៥៣ នាក់ លើកទី២ ដកនៅថ្ងៃ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ មានចំនួន ៩០នាក់ លើកទី៣ ដកបញ្ជូនត្រឡប់ នៅថ្ងៃ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣មាន ចំនួន ១១៣នាក់ លើកទី៤ ដកនៅថ្ងៃទី៣១ខែ ឧសភា ឆ្នាំ ២០២៤ មានចំនួន ០៦ នាក់ លើកទី៥ ដកនៅថ្ងៃ ទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ មានចំនួន ៣នាក់ និងលើកទី៦ ចុងក្រោយ បានដក និងបានមកដល់កម្ពុជាវិញនៅថ្ងៃ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២៤ នេះ ចំនួន០៣នាក់។
លោកវរៈសេនីយឯក ខាំ សិរិទ្ធ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ គឺបានបញ្ជូនកងកម្លាំងទ័ពមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី ដំបូងនៅឆ្នាំ២០១៤ ហើយក្នុងរយៈពេល១០ឆ្នាំមកនេះ កម្ពុជា មានកងកម្លាំងមួកខៀវ សរុបជាង៣០០០នាក់ បានបំពេញបេសកកម្មលើជំនាញជាច្រើន រួមមាន៖ ជំនាញសេនាធិការសង្កេតការណ៍យោធា ជំនាញវិភាគព័ត៌មានតាមដានកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃ និងជំនាញសម្របសម្រួលសហគមប្រជាជន ជនភៀសខ្លួនម៉ាលី ជំនាញឯកសារ ដោះមីន កំទិចគ្រឿងផ្ទះ ជំនាញវិស្វកម្មសាងសង់សំណង់ផ្តេក សំណង់បញ្ឈរ សំណង់ព្រលានយន្តហោះ ហើយគ្រប់ការងារទាំងនេះ គឺកងកម្លាំងកម្ពុជា ធ្វើបានសម្រេចតាមគោលដៅលើសផែនការគ្រោងទុក និងទទួលបានការកោតសរសើរពីUN និងមជ្ឈដ្ឋានអន្តរជាតិ។
អត្ថបទ ៖ ស៊ុម សុខជា





