
សកម្មជនប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ បានផ្សព្វផ្សាយការអំពាវនាវឱ្យមានការតវ៉ាថ្មី ការធ្វើកូដកម្ម ទាមទារឱ្យប្រធានាធិបតី លោក William Ruto លាលែងពីតំណែង បន្ទាប់ពីបាតុកម្មនៅទូទាំងប្រទេស ដែលបានបង្ខំឱ្យលោក មានការផ្លាស់ប្តូរជុំវិញការដំឡើងពន្ធ ដែលបានស្នើឡើង។
លោក Ruto បានដកសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុ ដែលមានភាពចម្រូសចម្រាស់ កាលពីថ្ងៃពុធ និងបាននិយាយថា លោកនឹងស្តាប់យុវជន មួយថ្ងៃបន្ទាប់ពីសភាត្រូវបានសម្រុកចូល និងដុតបំផ្លាញ ហើយយ៉ាងហោចណាស់មនុស្ស២៣នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយនគរបាល។

យ៉ាងហោចណាស់មនុស្ស២នាក់ទៀតបានស្លាប់ និង៧នាក់ផ្សេងទៀត បានរងរបួសដោយគ្រាប់កាំភ្លើង ក្នុងអំឡុងពេលបាតុកម្មតូចៗ នៅក្នុងក្រុងនិងតំបន់សំខាន់ៗជាច្រើន កាលពីថ្ងៃព្រហស្បតិ៍ ខណៈកងទ័ពត្រូវបានដាក់ពង្រាយដើម្បីជួយដល់នគរបាល។
លោក Ruto កំពុងប្រឈមមុខដោះស្រាយការគំរាមកំហែងធ្ងន់ធ្ងរចំពោះមុខតំណែងប្រធានាធិបតីមានអាយុកាល២ឆ្នាំរបស់លោក ខណៈចលនាតវ៉ាដែលដឹកនាំដោយយុវជន មានរយៈពេលមិនដល់កន្លះខែ បានកើនឡើងពីការរិះគន់តាមប្រព័ន្ធអ៊ីនធឺណិត ជុំវិញការដំឡើងពន្ធ ដែលមានការប្រមូលផ្តុំទ្រង់ទ្រាយធំ ទាមទារឱ្យលោកលាលែងពីតំណែង។
ជំនួសឱ្យការដំឡើងពន្ធ កាលពីថ្ងៃសុក្រ លោក Ruto បានដឹកនាំរតនាគារដើម្បីបង្កើតវិធីកាត់បន្ថយការចំណាយចំនួន៣៤៦ពាន់លានស៊ីលលីងកេនយ៉ា ឬ ២,៦៩ពាន់លានដុល្លារ។