
តុលាការកំពូល បានចេញសម្រេចកាលពីថ្ងៃសុក្រថា បទចោទប្រកាន់ដែលនាំមកដោយរដ្ឋអាជ្ញាសហព័ន្ធប្រឆាំងក្រុមកុបកម្មរាប់រយនាក់ ដែលបានសម្រុកចូលវិមានកាពីតូល កាលពីបីឆ្នាំមុន ថាជា «ការរារាំងដំណើរការផ្លូវការ» ប្រហែលជាពុំអាចអនុវត្តចំពោះចុងចោទទាំងអស់នោះទេ។
ចៅក្រមបានចេញសេចក្តីសម្រេចថាជា «ការរារាំង» ដែលនិយាយសំដៅលើសកម្មភាពដែល ធ្វើឱ្យមានការខូចខាតកំណត់ត្រា ឯកសារ ឬវត្ថុជាច្រើន ដែលប្រើប្រាស់ក្នុងដំណើរការផ្លូវការ។ ចៅក្រមនិយាយថា ក្រសួងយុត្តិធម៌ បានដំណើរការហួសក្នុងការប្រើប្រាស់លក្ខន្តិកៈ ហើយតុលាការថ្នាក់ក្រោម ត្រូវបើកសំណុំរឿងមួយចំនួនឡើងវិញ។
រដ្ឋអាជ្ញា បានអះអាងថា វត្តមានរបស់ក្រុមកុបកម្មមួយចំនួន បានចូលទៅខាងក្នុងវិមានកាពីតូល ខណៈសភាកំពុងប្រជុំ គឺជាសកម្មភាពរារាំង។ ផ្នែកទីពីរនៃលក្ខន្តិកៈ ចែងថាច្បាប់អនុវត្តចំពោះអ្នកទាំងឡាយណាដែល រារាំង ប្រើឥទ្ធិពល ឬបង្កឧបសគ្គ ដល់ដំណើរការផ្លូវការណាមួយ។

ទោះជាយ៉ាង សេចក្តីសម្រេចកាលពីថ្ងៃសុក្រ នឹងតម្រូវឱ្យពួកគេភ្ជាប់សកម្មភាពរបស់ចុងចោទ ទៅនឹងការព្យាយាមបំផ្លាញឯកសារ។
អតីតប្រធានាធិបតី លោក Donald Trump ក៏កំពុងប្រឈមមុខទៅនឹងការចោទប្រកាន់ដូចគ្នានេះ។ លោកបានអះអាងថា លោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ហើយនៅមុនពេលកុបកម្ម លោកបានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោក ប្រយុទ្ធឲ្យបានខ្លាំងក្លា ដែលលោកបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងការប្រមូលផ្តុំមួយនៅ រដ្ឋ Virginia លោកបានអះអាងថា ការធ្វើទុក្ខបុកម្នេញកំពុងកើតឡើង ដោយសារតែលោកកំពុងឈរឈ្មោះជាប្រធានាធិបតី និងកំពុងនាំមុខនៅក្នុង ការបោះឆ្នោតប្រជាមតិទាំងអស់។
លោក Trump បាននិយាយថា លោកគួរតែមានអភ័យឯកសិទ្ធិពីការជម្រះក្តី ចំពោះ សកម្មភាពផ្លូវការ ណាមួយ ក្នុងអំឡុងពេលកាន់តំណែងរបស់លោកនៅសេតវិមាន។ តុលាការកំពូល ត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចលើបញ្ហានេះ នៅថ្ងៃចន្ទ នៅពេលដែលបញ្ចេញមតិចុងក្រោយ នៃអាណត្តិបច្ចុប្បន្នរបស់ខ្លួន។