
ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា ថា រុស្ស៊ីនឹងបន្តការផលិត មីស៊ីលរយៈចម្ងាយជិត និងមធ្យម នៅលើដីដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ដោយសារតែ អ្វីដែលលោកបាននិយាយថា ជាចំណាត់ការរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ពង្រាយអាវុធប្រភេទនេះ ទាំងនៅអឺរ៉ុប និងនៅអាស៊ី។
សហរដ្ឋអាមេរិក បានដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម កំណត់ឆ្នាំ ១៩៨៧ ជាមួយរុស្ស៊ីក្នុងឆ្នាំ ២០១៩ បន្ទាប់ពីបាននិយាយថា ទីក្រុងមូស្គូ បានរំលោភលើកិច្ចព្រមព្រៀងនោះ ជាការចោទប្រកាន់ដែលវិមានក្រឹមឡាំង បានបដិសេធ។ 
លោកពូទីន បាននិយាយទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីថា វាត្រូវបានគេដឹងថា សហរដ្ឋអាមេរិក មិនត្រឹមតែផលិតប្រព័ន្ធមីស៊ីលទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែបាននាំពួកវាទៅកាន់អឺរ៉ុបរួចហើយសម្រាប់ការធ្វើសមយុទ្ធនៅប្រទេសដាណឺម៉ាក។
វាត្រូវបានគេប្រកាសកាលពីពេលថ្មីៗនេះថា អាវុធទាំងនេះស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែ ពុំត្រូវបានគេដឹងនោះទេថាតើ ត្រូវបានគេយកមីស៊ីលចេញពីទីនោះ ឬយ៉ាងណា។
លោកពូទីន បាននិយាយថា ដូច្នេះ រុស្ស៊ីត្រូវបង្ខំចិត្តដើម្បីឆ្លើយតប។ ជាក់ស្តែង យើងចាំបាច់ត្រូវចាប់ផ្តើមផលិតប្រព័ន្ធវាយប្រហារទាំងនេះ ហើយបន្ទាប់មក ផ្អែកលើស្ថានភាពជាក់ស្តែង ធ្វើការសម្រេចចិត្តអំពីទីកន្លែង ប្រសិនបើចាំបាច់ ដើម្បីធានាបានសុវត្ថិភាពរបស់យើង ដើម្បីដាក់ពង្រាយវា។