បែលហ្សិក៖ រដ្ឋមន្ត្រីការបរទេស NATO កាលពីថ្ងៃសុក្របានសន្យាផ្តោតលើការធានា ការជម្លៀសដោយសុវត្ថិភាពពីប្រទេសអាហ្វហ្គានីស្ថាននូវពលរដ្ឋរបស់ពួកគេ និងជនជាតិអាហ្វហ្គានីស្ថានដែលត្រូវបានចាត់ទុកថាមានហានិភ័យ បន្ទាប់ពីការកាន់កាប់ប្រទេសដោយក្រុមតាលីបង់។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយក្នុងកិច្ចប្រជុំនៅទីក្រុងព្រូសែលថា ស្ថានការណ៍នៅតែពិបាក និងមិនអាចទាយទុកជាមុនបាន។ អាទិភាពកំពូលរបស់អង្គការណាតូនៅពេលនេះគឺការនាំប្រជាជនចេញ និងបន្តប្រតិបត្តិការនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ រដ្ឋមន្ត្រីជាច្រើនបានទទូចថា អ្នកដឹកនាំថ្មីនៅទីក្រុងកាប៊ុលនឹងត្រូវធានាថា ប្រទេសជាតិមិនក្លាយជាមជ្ឈមណ្ឌលនៃអំពើភេរវកម្មឡើយ។ រដ្ឋមន្ត្រីការបរទេសមកពីសម្ព័ន្ធមិត្តចំនួន ៣០ប្រទេសបានជួបប្រជុំគ្នា ដើម្បីវាយតម្លៃស្ថានភាពច្របូកច្របល់នៅប្រទេសអាហ្វហ្គានីស្ថាន និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកប្រជាជន និងបុគ្គលិកមូលដ្ឋានសំខាន់ៗចេញពីប្រទេសនេះ។ សម្ព័ន្ធមិត្តមួយចំនួនអំពាវនាវឱ្យសហរដ្ឋអាមេរិក ធានាដល់ព្រលានយន្តហោះទីក្រុងកាប៊ុល ខណៈ ប្រទេសសម្ព័ន្ធមិត្តជាច្រើនកំពុងបញ្ជូនយន្តហោះទៅទីក្រុងកាប៊ុល ដើម្បីនាំប្រជាជនចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អង្គការ NATO បានដឹកនាំប្រតិបត្តិការសន្តិសុខអន្តរជាតិ នៅប្រទេសអាហ្វហ្គានីស្ថានតាំងពីឆ្នាំ២០០៣ ប៉ុន្តែចាប់តាំងឆ្នាំ២០១៤ ប្រតិបត្តិការផ្តោតលើការបណ្ដុះបណ្ដាលកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន។ អង្គការ NATO បានជួយបង្កើតកងទ័ពប្រមាណ ៣០ម៉ឺននាក់ ប៉ុន្តែកម្លាំងនោះបានចុះខ្សោយនៅពេលប្រឈមមុខ នឹងការវាយលុករបស់ក្រុមតាលីបង់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ អង្គការ NATO បានស្តីបន្ទោសមេដឹកនាំអាហ្វហ្គានីស្ថាន ចំពោះការដួលរលំឆាប់រហ័សនៃកងកម្លាំងប្រដាប់អាវុធ ដែលគាំទ្រដោយប្រទេសលោកខាងលិច៕
អត្ថបទ៖ ប៊ុន ថន