
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) និយាយកាលពីថ្ងៃសៅរ៍ថា ព្យុះត្រូពិក Beryl បានបង្កើនកម្លាំងក្លាយជាព្យុះសង្ឃរានៅតំបន់ភាគអាគ្នេយ៍ប្រទេសកោះបាបាដូ ហើយពួកគេបានព្រមានថា ព្យុះនេះ អាចនឹងបង្កើនកម្លាំងកាន់តែខ្លាំងជាងនេះ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ក្រុមអ្នកព្យាករណ៍ឧតុនិយម បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ព្យុះកំណាច Beryl ដែលនាំមកជាមួយកម្លាំងខ្យល់បក់ដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិតមនុស្ស កំពុងបោកបក់ឆ្ពោះទៅកាន់កោះ Windward ស្ថិតក្នុងតំបន់ការ៉ាអ៊ីប ។
គេរំពឹងផងដែរថា ព្យុះ Beryl នឹងបោកបកឆ្លងកាត់កោះ Windward នៅយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ។
NHC និយាយថា ព្យុះ Beryl បានបង្កើនកម្លាំងរបស់វានៅក្នុងសមុទ្រអាត្លង់ទិកកាលពីថ្ងៃសុក្រ ហើយនិងស្ថិតនៅចម្ងាយប្រហែល ១.១៦០គ.ម ភាគអាគ្នេយប្រទេសកោះបាបាដូ ជាមួយនឹងល្បឿនខ្យល់បក់ ១២០គ.មក្នុង ១ម៉ោង ។
NHC បានចេញការព្រមានព្យុះសង្ឃរានៅប្រទេសបាបាដូស ដោយពួកគេបញ្ជាក់ថា ស្ថានភាពព្យុះសង្ឃរា នឹងចាប់ផ្តើមកើតមាននៅយប់ថ្ងៃអាទិត្យនេះ ៕