
ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំប្រារព្ធ មីទ្ទីងអបអរសាទរខួបទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ -២៨ មិថុនា ២០២៤ )
អង្គមីទ្ទីងនេះ ត្រូវបានធ្វើឡើងនៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ស្ថិក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីក្រុមការងាចុះតាមបណ្តាលក្រុង-ស្រុក ឃុំ-សង្កាត់ សមាជិកគណបក្ស និងយុវជនសរុបប្រមាណ ១៥០០នាក់ ។
បន្ទាប់ពី ឯកឧត្តម ខូយ រីដា បានអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងទៅកានអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ -២៨ មិថុនា ២០២៤ ) រួចមក ឯកឧត្តម កែវ រតនៈ បានអញ្ជើញមានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានខិតខំក្នុងការទាញយកសន្តិភាពជូនជាតិ និងប្រជាជន ហើយសម្តេចបវធិបតី ហ៊ុន ម៉ាណែត បានបន្តថែរក្សាសន្តិភាពប្រទសយើងឱ្យនៅរឹងមាំ និងកំពុងខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ក្នុងការទាក់ទាញ អ្នកវិនិយោគតាមបណ្តាប្រទេសផ្សេងៗឱ្យមកបណ្តាក់ទុនបើករោងចក្រនៅកម្ពុជា ដើម្បីប្រជាពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ជាក់ស្តែងតាមផែនក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) របស់ប្រទេសជប៉ុន នឹងធ្វើពិធីបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅលើផ្ទៃដីទំហំ៥០ហិកតា ក្នុងស្រុកក្រគរ ដែលជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតស្រាប់ខេត្តពោធិ៍សាត់ បន្ទាប់ពីរោងចក្រដំឡើងរថយន្តFord របស់ សហរដ្ឋអាមេរិកបានបើកដំណើរការរោងចក្ររបស់ខ្លួននៅខេត្តពោធិ៍សាត់ ហើយយើងក៏កំពុងធ្វើការចរចារជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រភេទរថយន្តដឹកទំនិញ និងរោងចក្រផលិតស្បែកជើង និងកាបូប ចូលមកបង្កើតរោងចក្រនៅក្នុងស្រុកក្រគរផងដែរ ។ ឯកឧត្តមកែវ រតនៈ បានបន្តថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងទាក់ទាញអ្នកវិនិយោគ ការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋជាពិសេសយុវជនគឺចំណុចដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជាពិសេសផងដែរ សម្រាប់ខេត្តពោធិ៍សាត់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងសាងសងអគារសិក្សាដ៏ទំនើបកម្ពស់៥ជាន់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដែលមានតំលៃប្រមាណ១០លានដុល្លារ ក្រោយសាងសង់រួចរាល់អគារនេះនឹងជួយបង្កើនសមត្ថភាពវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់មានលទ្ធភាពបង្រៀនសិស្សបានប្រមាណ១៥០០នាក់ក្នុង១ឆ្នាំ ។
ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងនថា ប្រទេសយើងមានសន្តិភាពហើយ ដូចនេះសូមក្រុមការងារចុះពង្រឹងតាមភូមិ ឃុំ ស្រុក ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់បញ្ហាថ្នាំញៀន ក្មេងទំនើង ល្បែងស៊ីសង ដែលជាដើមហេតុនៃបញ្ហាសន្ថិសុខ សុវត្ថិភាពសង្គម ។ ឯកឧត្តម កែវ រតនៈ បានបន្តថា ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ឱ្យមានការរីកច្រើនគឺត្រូវការផ្គុំកម្លាំងគ្នារវាង អ្នកនៅមូលដ្ឋាន និងគណៈពង្រឹងគ្រប់លំដាប់ថ្នាក់ រួមនិងស្ថាប័ន្ធពាក់ព័ន្ធ ធ្វើយ៉ាងណា ឱ្យរោងចក្រដែលមាននៅពោធិ៍សាត់ស្រាប់អាចឈរជើងបានរឹងមាំ ហើយមានលទ្ធភាពពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែម ជាពិសេសឱ្យវិស័យឯកជនស្របច្បាប់អាចបើករកស៊ីបានដោយរលូន ទាំងសហគ្រាស ឧស្សាហកម្មខ្នាតតូចឬមធ្បម ហើយវាជាកាតព្វកិច្ច និងជាឆន្ទះរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែអនុវត្តន៍ ដើម្បីធានាឱ្យវិស័យឯកជនមានការរីកចម្រើន ព្រោះវាជាប្រភពផ្តល់ការងារ និងធ្វើឱ្យមានកំណើនការងារជូនប្រជាពលរដ្ឋ ។ ចំពោះបញ្ហាធនធានធម្មជាតិ ឯកឧត្តម កែវ រតនៈ បានមានប្រសាស៍ថា ខេត្តពោធិ៍សាត់គឺមានទន្លេសាប និងធនធានព្រៃឈើនៅស្រុកវាលវែងនិងស្រុកភ្នំក្រវាញ វាប្រៀបដូចជា ត្បូងពេជ្ររបស់ខេត្តយើង ដែលអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ហើយធនធានធម្មជាតិទាំងនោះមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថាយើងគ្មានមាយាទ ដូចនេះយុទ្ធនាការបង្ក្រាប និងដកហូតដីរដ្ឋដែលត្រូវបានទន្ទា្រនដោយខុសច្បាប់យកមករក្សាទុកជាសម្បត្តិរដ្ឋវិញនៅតែបន្ត ហើយយើងកំពុងធ្វើយុទ្ធនាការដាំដើមឈើស្តារឡើងវិញ ជាពិសេសតំបន់ជើងភ្នំ១៥០០ ជាដើម ។
គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប ៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូរំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ ៕ អត្ថបទ៖ ភិរុណ ពៅ






