
ប្រជាពលរដ្ឋបូលីវី និយាយថា ពួកគេមានក្តីកង្វល់ចំពោះអនាគតសេដ្ឋកិច្ចរបស់ពួកគេ ពេលដែលតម្លៃផលិតផល បានហក់ឡើងខ្ពស់ ចាប់តាំងពីការព្យាយាមធ្វើរដ្ឋប្រហារពុំបានសម្រេចកាលពីថ្ងៃពុធ ជាហេតុធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចលំបាកស្រាប់របស់ពួកគេ កាន់តែដុនដាបថែមមួយកម្រិតទៀត ។
ហាងបិទទ្វារ និងតូបគ្មានទំនិញ ត្រូវបានគេមើលឃើញនៅក្នុងផ្សារដ៏មមាញឹកបំផុត La Paz កាលពីថ្ងៃសុក្រ ។
អ្នកស្រី Elizabeth គឺជាអាជីវករលក់តាមផ្លូវមួយរូប និយាយថា ពួកយើងពុំបានលក់អ្វីច្រើនដូចកាលពីមុននោះទេ ។ ឥឡូវនេះ ពួកយើងពិបាករកប្រាក់ខ្លាំងណាស់ រកបានត្រឹមតែអាចទទួលទានបានប្រចាំថ្ងៃប៉ុណ្ណោះ ។
កាលពីថ្ងៃពុធ អង្គភាពយោធា ដឹកនាំដោយលោកឧត្តមសេនីយ៍ Juan Jose Zuniga បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតី Luis Arce ប៉ុន្តែពួកគេបានដកថយទៅវិញ ដោយសារតែដឹងច្បាស់ថា ពួកគេទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ ។
អតីតមេបញ្ជាការរូបនេះ ត្រូវបានចាប់ខ្លួន ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ។
ទោះបីជាពុំបានសម្រេចយ៉ាងណាក្តី ការព្យាយាមធ្វើរដ្ឋប្រហារបែបនេះ បង្ហាញយ៉ាងច្បាស់ពីភាពបរាជ័យផ្នែកនយោបាយដ៏តានតឹងក្នុងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ហើយនិងកំហឹងកើនឡើងរបស់ពលរដ្ឋចំពោះ សេដ្ឋកិច្ចដុនដាបរបស់ពួកគេ ៕