
ភ្នំពេញ៖ ឯកឧត្តម ចាន់សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដំណាំពោតនៅកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មខេត្តកំពង់ចាម និងត្បូងឃ្មុំ ប្រជាកសិករដាំពោតមកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ និងភាគីពាក់ព័ន្ធប្រមាណ៧០នាក់ នៅក្រុងភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត Song Young Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា មានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមឲមានភាពជោគជ័យនៃពូជពោតចំណីសត្វ (CHM01)។ ទាក់ទងនឹងការងារនេះ លោកបណ្ឌិត បានបន្ថែមថា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទាំងវិទ្យាសាស្ត្រកសិកម្ម និងបច្ចេកវិទ្យា ព្រមទាំងធ្វើការផ្សព្វផ្សាយពីលទ្ធភាពពោតនេះផងដែរ ដែលដំណាំពោត ជាប្រភេទដំណាំសំខាន់របស់កម្ពុជា នាបច្ចុប្បន្ន និងពេលអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តម ចាន់ សារុទ្ធ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល KOPIA ដែលមានកិច្ចសហការយ៉ាងល្អ ក្នុងការចូលរួមជួយដល់ពូជពោតកម្ពុជា (CHM01) ឲ្យមានភាពជោគជ័យ ដែលគម្រោងពោតនេះធ្វើឡើងជាច្រើនខេត្តផងដែរដូចជា កំពង់ចាម ត្បូងឃ្មុំ កណ្តាល បាត់ដំបង និងប៉ៃលិនជាដើម ដែលបានជួយដល់ប្រជាកសិករកម្ពុជាឲ្យយល់ដឹង និងកាត់បន្ថយតម្លៃដើមនៃពូជពោត។ លើសពីនេះទៀត ឯកឧត្តម ណែនាំឲកសិករបន្តផែនការនេះដោយខ្លួនឯង ពីមួយជំហ៊ាន ទៅមួយជំហ៊ានឲ្យមានភាពរឹងមាំ ទោះបីគម្រោងនៅជួយបន្ថែមក៏ដោយ។
បើតាមឯកឧត្តម កន្លងមកនេះមានការកសាងសមត្ថភាព និងការផ្តល់ធនធានសម្ភារៈផ្សេងៗពីគម្រោងរួចមកហើយ ត្រូវចេះប្រើប្រាស់ឲមានប្រសិទ្ធភាព និងចំគោលដៅ ហើយអាចបន្តការងារនេះបានយ៉ាងរលូន នៅពេលគម្រោងបានបញ្ចប់។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត នៅ ថុង និងលោកបណ្ឌិត អ៊ុក ម៉ាការា លោកបណ្ឌិត Choi Keun Jin និងលោក Nguyen Chin Tanh បានធ្វើបទបង្ហាញពីសណ្ឋានភាពទូទៅនៃដំណាំពោត ការផលិតនិងការចែកចាយគ្រាប់ពោត និតិវិនិនៃការស្នើសុំចុះបញ្ជីគ្រាប់ពូជ សិទញធរបស់អ្នកបង្កាត់ពូជ ក៏ដូចជាផែនការស្រាវជ្រាវពូជពោតនាពេលអនាគត ឲមានភាពប្រសើរឡើងបន្ថែមទៀតនៃពូជពោត ដោយធ្វើឲ្យដើមរឹងមាំ ស្នូលរឹងកប់ជ្រៅ ដើមទាប ដោយមានលក្ខណៈពិសេសឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងសមស្របនឹងសណ្ឋានដីនៃប្រទេសកម្ពុជា៕






