
ប្រជាពលរដ្ឋរស់នៅតាមតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា បានជួបការលំបាកខ្លាំង ក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេ ស្របពេលភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានការជន់លិចធ្ងន់ធ្ងរ ។
រថយន្ត និងផ្ទះសម្បែងប្រជាពលរដ្ឋ រងការជន់លិច ខណៈអ្នកស្រុកដើរលុកទឹកតាមផ្លូវ ដើម្បីធ្វើដំណើរទៅធ្វើការ ។
ដោយឡែក នៅក្នុងរដ្ឋធានីញូវ ដែល្លី ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវថ្នល់ និងបណ្តាលឲ្យកកស្ទះចរាចរណ៍ ធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ធ្លាក់ក្នុងភាពវឹកវរនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដែល្លី ដែលទើបរងគ្រោះដោយសាររលកកម្តៅដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត កាលពីដើមខែនេះ ឥឡូវបានប្រឈមគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ពេលដែលមានភ្លៀងធ្លាក់ខ្លាំងបំណែកកំណត់ត្រា ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ពោលគឺជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនជាងកម្រិតទឹកភ្លៀងមធ្យមពេញមួយខែមិថុនា ។
មន្ទីរឧតុនិយមឥណ្ឌា និយាយថា រដ្ឋធានីញូវ ដែល្លី ដែលមានពលរដ្ឋរស់នៅ ២០លាននាក់ ទទួលបានទឹកភ្លៀងកម្ពស់ ២២៨មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ៕