អាមេរិក៖ ប្រធានាធិបតីលោក Joe Biden និយាយថា រដ្ឋបាលរបស់លោកសន្យាជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលបានជួយដល់សហរដ្ឋអាមេរិកអំឡុងសង្គ្រាម ២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន។ លោក Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រ ដោយសន្យាជម្លៀសជនជាតិអាមេរិកទាំងអស់នៅអាហ្វហ្គានីស្ថាន ដែលមានបំណងចាកចេញ។

លោក Biden បាននិយាយថា គ្មានពលរដ្ឋអាមេរិកណាម្នាក់ដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវទុកចោលឡើយ។ លោក Biden ត្រូវបានគេសួរថា តើសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានទាំងអស់នឹងត្រូវជម្លៀសដែរ ឬទេ។ លោកបានឆ្លើយថា ប្រាកដណាស់។ យើងកំពុងសន្យាដូចគ្នាក្នុងការជម្លៀសសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដូចដែលពួកគេបានធ្វើចំពោះជនជាតិអាមេរិកនៅអាហ្វហ្គានីស្ថាន។ ចំនួនពិតប្រាកដនៃជនជាតិអាហ្វហ្គានីស្ថាន ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការជម្លៀសនៅមិនច្បាស់នោះទេ ប៉ុន្តែវាត្រូវបានគេជឿជាក់ថា មានចំនួនរាប់ម៉ឺននាក់។ លោក Biden កំពុងប្រឈមមុខនឹងការរិះគន់ ចំពោះហេតុការណ៍ដែលមានភាពច្របូកច្របល់ និងអំពើហិង្សាញឹកញាប់នៅខាងក្រៅអាកាសយានដ្ឋាន ខណៈក្រុមមនុស្សបានព្យាយាម ដើម្បីបានទៅដល់ទីសុវត្ថិភាពនៅខាងក្នុង។
មន្ត្រីអាមេរិកបាននិយាយថា ជើងហោះហើរជម្លៀសនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល បានផ្អាកជាច្រើនម៉ោងកាលពីថ្ងៃសុក្រ ដោយសារតែការត្រៀមជួយនៅចំណុចឆ្លងកាត់ សម្រាប់ជនភៀសខ្លួន។ ទោះយ៉ាងណាជើងហោះហើរបានបន្តវិញនៅពេលរសៀល។ លោក Biden បាននិយាយថា ខណៈសេតវិមានបន្តធ្វើការដឹកជញ្ជូនការជម្លៀសខ្លួន សេតវិមានមានទំនាក់ទំនងឥតឈប់ឈរជាមួយក្រុមតាលីបង់ ហើយកំពុងធ្វើការដើម្បីធានាថា ជនស៊ីវិលអាចឆ្លងកាត់អាកាសយានដ្ឋានដោយសុវត្ថិភាព៕
អត្ថបទ៖ ប៊ុន ថន