
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃអាទិត្យ (៣០ មិថុនា) នេះថា កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងលើសមយុទ្ធយោធារួមគ្នាដោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកដែលបានធ្វើឡើងក្នុងខែនេះ ដោយនិយាយថា សមយុទ្ធបែបនេះបង្ហាញពីទំនាក់ទំនងក្នុងចំណោមប្រទេសទាំងបីនេះ បានវិវត្តទៅជា «ដៃជើងសម្ព័ន្ធយោធា ណាតូ នៅទ្វីបអាស៊ី»។
កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ប្រទេសទាំងបីបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំហៅថា «សមយុទ្ធសេរីភាព» (Freedom Edge) ដែលពាក់ព័ន្ធនឹងនាវាពិឃាតកងទ័ពជើងទឹក យន្តហោះចម្បាំង និងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឈ្មោះ ធីអូឌ័រ រ៉ូសសេវែលត៍ (Theodore Roosevelt) ក្នុងគោលបំណងបង្កើនការការពារប្រឆាំងនឹងមីស៊ីល នាវាមុជទឹក និងការវាយប្រហារតាមអាកាស។
សមយុទ្ធនេះត្រូវបានបង្កើតឡើងនៅឯកិច្ចប្រជុំកំពូលត្រីភាគីនៅវិមានសម្រាកលំហែប្រធានាធិបតីអាមេរិក ខែម ដេវីដ (Camp David) កាលពីឆ្នាំមុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា ស្របពេលមានភាពតានតឹងនៅលើឧបទ្វីបកូរ៉េដែលបណ្តាលមកពីការសាកល្បងអាវុធរបស់កូរ៉េខាងជើង។
ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាង នឹងមិនព្រងើយកន្តើយចំពោះការពង្រឹងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ហើយនឹងការពារសន្តិភាពក្នុងតំបន់ជាមួយនឹងការឆ្លើយតបដ៏ខ្លាំងក្លា និងលើសលប់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA៕