
ប្រទេសបារាំង បានចាប់ផ្ដើមការបោះឆ្នោតនៅថ្ងៃអាទិត្យ (៣០ មិថុនា) នេះក្នុងជុំទីមួយនៃការបោះឆ្នោតសភាមុនអាណត្តិ ដែលអាចនឹងឱ្យក្រុមអ្នកនយោបាយស្តាំនិយមជ្រុល ដឹកនាំរដ្ឋាភិបាលជាលើកដំបូងរបស់ប្រទេស ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ដែលជាការផ្លាស់ប្តូរដ៏មានសក្តានុពលនៅកណ្តាលសហភាពអឺរ៉ុប។
លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើឱ្យបារាំងមានភាពភ្ញាក់ផ្អើលនៅពេលលោកអំពាវនាវឱ្យមានការបោះឆ្នោត បន្ទាប់ពីសម្ព័ន្ធភាពកណ្តាលនិយមរបស់ខ្លួនត្រូវបានបាត់បង់ការគាំទ្រនៅក្នុងការបោះឆ្នោតនៅអឺរ៉ុប ក្នុងខែនេះ ទល់នឹងគណបក្សប្រមូលផ្តុំជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺពិន (Marine Le Pen) ។ គណបក្សប្រឆាំងជនអន្តោប្រវេសន៍ដែលប្រកាន់ជំហរប្រឆាំងសហភាពអឺរ៉ុបមួយនេះ គឺជាបក្សផ្ដាច់ខ្លួនដ៏យូរអង្វែង ប៉ុន្តែឥឡូវនេះកំពុងខិតកាន់តែកៀកនឹងការកាន់កាប់អំណាចជាងពេលណាៗទាំងអស់។
ការបោះឆ្នោតបើកនៅម៉ោង ០៦០០ (ម៉ោងសកល) បិទនៅម៉ោង ១៦០០ (ម៉ោងសកល) នៅតាមទីក្រុងតូចៗ និងទីក្រុងនានា ហើយនៅម៉ោង ១៨០០ (ម៉ោងសកល) នៅក្នុងទីក្រុងធំៗ នៅពេលដែលការស្ទង់មតិក្រោយបោះឆ្នោតដំបូងដាក់ចេញនៅពេលយប់ និងការបោះឆ្នោតសម្រាប់ជុំទីពីរ ត្រូវបានគេរំពឹងទុកក្នុងពេលមួយសប្តាហ៍ក្រោយ។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធបោះឆ្នោតអាចធ្វើឱ្យមានការពិបាកក្នុងការប៉ាន់ស្មាននៃការបែងចែកអាសនៈក្នុងរដ្ឋសភាចំនួន ៥៧៧ អាសនៈ ហើយលទ្ធផលចុងក្រោយនឹងមិនត្រូវបានគេដឹងនោះទេរហូតដល់ចុងបញ្ចប់នៃការបោះឆ្នោតនៅថ្ងៃទី០៧ ខែកក្កដា។
ជ័យជំនះដាច់ណាមួយរបស់បក្ស RN នឹងនាំមកនូវភាពមិនប្រាកដប្រជាចំពោះទីតាំងដែលបារាំងកំពុងឈរ នៅលើសង្រ្គាមរុស្ស៊ី - អ៊ុយក្រែន។ លោកស្រី ឡឺពិន មានប្រវត្តិនៃមនោសញ្ចេតនាគាំទ្ររុស្ស៊ី ហើយខណៈដែលគណបក្សនេះនិយាយថាខ្លួននឹងជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងសង្រ្គាមរុស្ស៊ី បក្សនេះក៏បានកំណត់បន្ទាត់ក្រហមផងដែរ ដូចជាការបដិសេធមិនផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយជាដើម៕