
រដ្ឋាភិបាលប្រទេសចិនបាននិយាយថា ពលរដ្ឋកោះតៃវ៉ាន់ ភាគច្រើនអាចទៅដើរលេងកម្សាន្តប្រទេសចិន បានដោយមិនចាំបាច់មានការព្រួយបារម្ភអ្វីឡើយ ហើយអាចមក «ដោយសប្បាយចិត្ត និងស្មារតីខ្ពស់» ខណៈថ្កោលទោសកោះតៃវ៉ាន់ ចំពោះការព្រមានពលរដ្ឋរបស់ខ្លួនកុំឱ្យទៅចិន បន្ទាប់ពីការគំរាមកំហែងពីទីក្រុងប៉េកាំង ក្នុងការប្រហារជីវិតពួកផ្តាច់ខ្លួន «ផ្កាប់មុខ» សម្រាប់ឯករាជ្យតៃវ៉ាន់។
រដ្ឋាភិបាលតៃវ៉ាន់ បានបង្កើនការព្រមានអំពីការធ្វើដំណើរទៅប្រទេសចិន ក្នុងសប្តាហ៍នេះ ដោយប្រាប់ពលរដ្ឋកុំឱ្យទៅទីនោះ លុះត្រាណាតែមានការចាំបាច់ បន្ទាប់ពីប្រទេសចិន បានប្រកាសគោលការណ៍ណែនាំផ្លូវច្បាប់ ដែលគំរាមកំហែងកាត់ទោស និងក្នុងករណីធ្ងន់ធ្ងរបំផុត អាចឈានដល់ការកាត់ទោសប្រហារជីវិតសម្រាប់ជនផ្ដាច់ខ្លួនទាមទារឯករាជ្យតៃវ៉ាន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រ (២៨ មិថុនា) ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា គោលការណ៍ណែនាំនេះគឺសំដៅទៅលើក្រុមផ្តាច់ខ្លួនមួយចំនួនតូច និង «ពាក្យសម្តី និងសកម្មភាពអាក្រក់» របស់ពួកគេប៉ុណ្ណោះ។ ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កោះតៃវ៉ាន់បានព្រងើយកន្តើយនឹងការពិត ហើយកំពុងព្យាយាមបំភិតបំភ័យប្រជាជនរបស់ខ្លួនសម្រាប់ហេតុផលនយោបាយ ដែលប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាត។
ប្រទេសចិន បានប្ដេជ្ញានឹងតាមប្រម៉ាញ់មនុស្សដែលខ្លួនចាត់ទុកថាជាអ្នកផ្ដាច់ខ្លួនគាំទ្រឯករាជ្យតៃវ៉ាន់ នៅគ្រប់ទីកន្លែង ទោះបីជាតុលាការចិន មិនមានយុត្តាធិការនៅក្នុងកោះតៃវ៉ាន់ក៏ដោយ ហើយគេមិនច្បាស់ទេថាប្រទេសចិន អាចស្វះស្វែងអនុវត្តន៍ការវិនិច្ឆ័យផ្លូវច្បាប់ណាមួយនៅខាងក្រៅព្រំដែនរបស់ខ្លួនបានដោយរបៀបណា៕