គណបក្ស រួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ទទួលបានសំឡេងគាំទ្រខ្ពស់ជាប្រវត្តិសាស្ត្រដើម្បីឈ្នះការបោះឆ្នោតសភាជុំទីមួយរបស់ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ប៉ុន្តែលទ្ធផលចុងក្រោយមិនប្រាកដប្រជាទេ គឺវានឹងអាស្រ័យលើរយៈពេលប៉ុន្មានថ្ងៃនៃការទាញទឹកចិត្តអ្នកបោះឆ្នោត មុនពេលការបោះឆ្នោតជុំទីពីរនៅសប្តាហ៍ក្រោយ។

បក្ស RN ត្រូវបានគេមើលឃើញថាឈ្នះប្រហែល ៣៤ ភាគរយនៃសន្លឹកឆ្នោត នេះបើតាមការស្ទង់មតិក្រោយបោះឆ្នោតពីស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos), អ៊ីហ្វប (Ifop), អូភីនៀនវ៉េ (OpinionWay) និង អេឡាបេ (Elabe) ដែលជាជំហានថយក្រោយដ៏ធំសម្រាប់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលបានអំពាវនាវឱ្យមានការបោះឆ្នោតមុនកំណត់ បន្ទាប់ពីបក្សលោកទទួលបានសំឡេងគាំទ្រតិចជាងបក្ស RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីដើមខែមុន។

សំឡេងគាំទ្ររបស់បក្ស RN មាននាំមុខយ៉ាងស្រួលលើគូប្រជែងឆ្វេងនិយម និងកណ្តាលនិយម រួមទាំងសម្ព័ន្ធមិត្តរួមគ្នារបស់លោក ម៉ាក្រុង ដែលប្លុករបស់ពួកគេត្រូវបានគេមើលឃើញថាឈ្នះពី ២០,៥ ភាគរយទៅ២៣ ភាគរយប៉ុណ្ណោះ។ ការស្ទង់មតិក្រោយបោះឆ្នោតក៏បានបង្ហាញថា បក្សរណសិរ្សប្រជាប្រិយថ្មី (NFP) ដែលជាក្រុមចម្រុះឆ្វេងនិយម ត្រូវបានគេព្យាករថានឹងឈ្នះប្រហែល ២៩ ភាគរយនៃការបោះឆ្នោត។

ឱកាសនៃការទទួលបានអំណាចរបស់បក្ស RN នៅសប្តាហ៍ក្រោយ នឹងពឹងផ្អែកលើសកម្មភាពដោះស្រាយនយោបាយដែលធ្វើឡើងដោយគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីមុន គណបក្សកណ្តាលនិយមស្តាំ និងកណ្តាលនិយមឆ្វេង បានសហការគ្នាដើម្បីមិនឱ្យបក្ស RN កាន់អំណាច ប៉ុន្តែការរួបរួមនោះដែលត្រូវបានគេស្គាល់ថាជា «រណសិរ្សសាធារណរដ្ឋ» គឺមិនសូវជាក់លាក់ទេក្នុងពេលនេះ៕