ការបំផ្ទុះគ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើង បានវាយប្រហារភាគខាងជើងតំបន់ហ្កាហ្សា កាលពីចុងសប្ដាហ៍នេះ ជាថ្ងៃទីបីនៃប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានបណ្តេញប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងបានធ្វើឱ្យអង្គការសហប្រជាជាតិ (UN) ហៅថា ស្ថានភាពរស់មិនអាចទ្រាំបាន នៅក្នុងដែនដីនេះ។

ស្លាបប្រដាប់អាវុធទាំងក្រុមហាម៉ាស និងក្រុមជីហាតប៉ាឡេស្ទីន បាននិយាយថា ពួកគេបានចូលរួមក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ជាមួយកងកម្លាំងអ៊ីស្រាអែលនៅទីនោះ។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនកំពុងបន្តនៅក្នុងទីក្រុង ស៊ូចៃយ៉ា(Shujaiya) ជាទីដែលការប្រយុទ្ធគ្នា ទាំងលើ និងក្រោមដី បានធ្វើឱ្យក្រុមកសកម្មប្រយុទ្ធ មួយចំនួនធំបានស្លាប់។ ការងើបឡើងវិញនៃការប្រយុទ្ធគ្នានៅក្នុងតំបន់នេះកើតឡើងប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា រចនាសម្ព័ន្ធបញ្ជាការរបស់យុទ្ធជនហាម៉ាស ត្រូវបានរំលាយនៅភាគខាងជើងហ្កាហ្សា។

ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បាននាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយលីបង់ ដែលនាំឱ្យអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ចេញការព្រមានអំពីសង្គ្រាម ដ៏មហន្តរាយ ប្រសិនបើអ៊ីស្រាអែលវាយប្រហារប្រទេសលីបង់។
ចំណែកនៅភាគខាងត្បូង ក្នុងតំបន់រ៉ាហ្វា (Rafah) អ្នកឃើញហេតុការណ៍ បានរាយការណ៍ថាមានមនុស្សស្លាប់ និងរបួសបន្ទាប់ពីការលុកលុយថ្មីរបស់អ៊ីស្រាអែល៕