នគរបាលប្រទេសទួរគី បានឃុំខ្លួនបាតុករយ៉ាងតិច ១៥ នាក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ សម្រាប់ការចូលរួមក្នុងការប្រមូលផ្តុំអ្នកស្រលាញ់ភេទដូចគ្នាដែលត្រូវបានគេហាមឃាត់ បន្ទាប់ពីស្វែងរកឃើញអ្នកតវ៉ានៅតាមដងផ្លូវ ក្រោយអ្នកចូលរួម បានបំបែកគ្នា។

ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បាននិយាយកាលពីថ្ងៃអាទិត្យថា ការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នា នឹងពុំត្រូវបានអនុញ្ញាតឡើយ។ នគរបាលប្រទេសទួរគី បានបិទទីក្រុងអ៊ីស្តង់ប៊ុលភាគកណ្តាល ដើម្បីការពារការដើរដង្ហែរក្បួនមិនឲ្យកើតឡើង ដោយបានបិទស្ថានីយ៍រថភ្លើងក្រោមដី និងបិទចរាចរណ៍នៅតាមដងផ្លូវធំៗ។

គណបក្ស AK របស់ប្រធានាធិបតី លោក Tayyip Erdogan បានពង្រឹងវោហាសាស្ត្ររបស់ខ្លួនប្រឆាំងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ហើយបានហាមឃាត់ការហែក្បួនអ្នកស្រលាញ់ភេទដូចគ្នាចាប់តាំងពីឆ្នាំ ២០១៥ ដោយលើកឡើងពី «ហេតុផលសុវត្ថិភាព»។
ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បានចាត់ទុកអង្គការនានាដែលអំពាវនាវឱ្យមានការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នាថា ខុសច្បាប់។
បន្ទាប់ពីការដាក់បម្រាម ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានប្រមូលផ្តុំគ្នានៅផ្នែកមួយផ្សេងទៀតនៃទីក្រុងអ៊ីស្តង់ប៊ុល ដោយមានអ្នកតំណាងម្នាក់ បានអានសេចក្តីថ្លែងការណ៍ដែលនិយាយថា «យើងពុំបង្ខំនគរបាលឱ្យដោះស្រាយជាមួយពួកយើងនោះទេ»។ អ្នកបានបិទផ្លូវ និងទីលានទាំងអស់ អ្នកបានបញ្ឈប់ជីវិតនៅទីក្រុងទាំងមូល ប៉ុន្តែអ្នកបានភ្លេចហើយថា យើងនឹងតស៊ូ ហើយស្វែងរកគ្នាទៅវិញទៅមកប្រសិនបើចាំបាច់។
សាក្សីសារព័ត៌មានរ៉យទ័រ បាននិយាយថា មន្រ្តីនគរបាល បានស្វែងរកក្រុមអ្នកតវ៉ានៅតាមដងផ្លូវ ហើយបានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ១៥ នាក់ ។