ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskyy) បានចង្អុលបង្ហាញថា ផែនការបញ្ចប់ជម្លោះជាមួយរុស្ស៊ី នឹងត្រូវបានរៀបចំនៅចុងឆ្នាំនេះ។ លោកបាននិយាយកាលពីថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍មុននៅក្នុងទីក្រុងគីវ ថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងដើម្បីបង្ហាញពីផែនការបញ្ចប់សង្រ្គាមដែលនឹងត្រូវបានគាំទ្រដោយបណ្ដាប្រទេសភាគច្រើននៃពិភពលោក»។

លោក ហ៊្សេឡិនស្គី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ទល់នឹងប្រតិបត្តិការយោធារបស់រុស្ស៊ី ដោយប្រើប្រាស់កម្លាំងតបត ខណៈពេលដែលរៀបចំផែនការសម្រាប់សន្តិភាព។ លោកបានបន្ថែមថា «ការមានភាពរឹងមាំលើសមរភូមិ និងការបង្កើតផែនការសន្តិភាពលម្អិតច្បាស់លាស់» គួរត្រូវបានធ្វើឡើងស្របគ្នា។

ប្រធានាធិបតីអ៊ុយក្រែន រូបនេះមិនបាននិយាយលម្អិតអំពីផែនការដែលគ្រោងទុកនោះទេ។ មានការរំពឹងទុកថា ផែនការនេះអាចជំរុញឱ្យមានការពិភាក្សានៅឯការកិច្ចប្រជុំលើកទីពីរ នាពេលខាងមុខរបស់បណ្ដាមេដឹកនាំអន្តរជាតិស្តីពីការនាំយកសន្តិភាពឱ្យដល់អ៊ុយក្រែន។
ជាមួយគ្នានេះ រុស្ស៊ីកំពុងទាមទារឱ្យអ៊ុយក្រែនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ទាំងបួនដែលទីក្រុងមូស្គូ បានដាក់បញ្ចូលជាឯកតោភាគីជាលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមណាមួយនៃកិច្ចចរចាសន្តិភាព ដោយនោះជាជំហរដែលទីក្រុងគីវ ជំទាស់៕
