ចំហេះព្រៃដ៏ធំមួយបានផ្ទុះឡើងនៅភាគអាគ្នេយ៍នៃទីក្រុងអាថែន កាលពីរសៀលថ្ងៃអាទិត្យ (៣០ មិថុនា) ដោយបន្ថែមពីលើចំហេះរាប់សិបកន្លែងរួចទៅហើយ ស្របពេលមានការព្រមានថា កម្ដៅរដូវក្តៅដ៏អាក្រក់បំផុតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តាមទម្លាប់នៃរដូវក្តៅដ៏ក្ដៅគគុក ក្រិកប្រឈមមុខនឹងរដូវកាលចំហេះព្រៃដ៏អាក្រក់ បន្ទាប់ពីរដូវរងាដែលមានអាកាសធាតុក្តៅខុសធម្មតា និងរលកកម្ដៅមកលឿនបំផុតក្នុងកំណត់ត្រា ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៤ អង្សារសេ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន អាថែន បានឱ្យដឹងថា ចំហេះបានចាប់ផ្តើមនៅក្នុងស្រុក កេរ៉ាទៀ (Keratea) នៅព្រឹកថ្ងៃអាទិត្យនោះ ហើយបានឆាបឆេះនៅជិតតំបន់លំនៅឋាន ខណៈមានខ្យល់បក់បោកយ៉ាងខ្លាំងនៅក្នុងតំបន់នោះ។

អ្នកពន្លត់អគ្គិភ័យប្រហែល ១៤០ នាក់ រួមជាមួយក្រុមបញ្ជាការព្រៃឈើ និងរថយន្ត ៣៩គ្រឿង ឧទ្ធម្ភាគចក្រ ៨គ្រឿង រួមទាំងយន្តហោះ ៩គ្រឿង កំពុងធ្វើការដើម្បីគ្រប់គ្រងអណ្តាតភ្លើង។ ប្រព័ន្ធប្រកាសអាសន្នបានបើកដំណើរការ ដោយជំរុញឱ្យប្រជាជនជម្លៀសចេញពីតំបន់ចំនួនប្រាំមួយនៅជិតរដ្ឋធានី។
យោងតាមប្រភពពីកងពន្លត់អគ្គិភ័យបានឱ្យដឹងថា ចំហេះព្រៃជាង ៤០ កន្លែងបានផ្ទុះឡើងនៅទូទាំងប្រទេសក្រិក កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់មកទល់ពេលនេះ ជាមួយនឹងល្បឿនខ្យល់លើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំហេះព្រៃជារឿងធម្មតាទៅហើយនៅក្នុងប្រទេសសមុទ្រមេឌីទែរ៉ាណេមួយនេះ ប៉ុន្តែបានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗ ដោយសាររដូវក្តៅកាន់តែក្តៅ ស្ងួត និងខ្យល់ខ្លាំង ដែលអ្នកវិទ្យាសាស្ត្រ និយាយថាផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕