តាមការបញ្ជាក់របស់លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង(៨ខ្នងខូចខាតធ្ងន់ធ្ងរ) ផ្ទះប្រកស័ង្កសី ស្មើនឹង១២គ្រួសារ ដែលមានប្រជាពលរដ្ឋរស់នៅ៦៥នាក់ ស្រី២៩នាក់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានបាក់ស្រុតខូចខាត ដោយមិនដឹងមូលហេតុកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តែមិនបណ្តាលអោយមានរងរបួសបងប្អូនណាម្នាក់ឡើយ។
លោកអភិបាលក្រុងបានបន្តថា ប្រជាពលរដ្ឋទាំង១២គ្រួសារនេះ បានមករស់នៅលើទីតាំងដីនេះតាំងពីឆ្នាំ១៩៨៥មក មិនដែលជួបបញ្ហាបែបនេះឡើយ។ តែនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានស្រុតដីផ្នែកខាងមុខផ្ទះចុះទៅក្រោម ធ្វើអោយផ្ទះចំនួន៩ខ្នងរងការខូចខាតមិនអាចរស់នៅបាន ។ ក្រោយពេលរងការបាក់ស្រុត រដ្ឋបាលក្រុងកំពង់ឆ្នាំង បានបម្លាស់ទីប្រជាពលរដ្ឋទាំង១២គ្រួសារ អោយមករស់នៅលើដីទំនេរមួយកន្លែងនៅខាងមុខដីបាក់ស្រុតនោះបណ្តោះអាសន្ន។ ដោយឡែកក្រុមការងារនៃមន្ទីរពាក់ព័ន្ធ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវថាតើការបាក់ស្រុតនេះ បណ្តាលមកពីមូលហេតអ្វី? តែនៅខាងក្រោយផ្ទះរបស់ពួកគាត់ គឺមានបឹងចំណាស់មួយ អាចថាដីបាក់ស្រុតចូលទៅក្នុងបឹងនោះក៏ថាបាន។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជាប្រធានកិត្តិយសអនុសាខាកាបាទក្រហមកម្ពុជាក្រុង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង រួមនិងលោកឧត្តមសេនីយ៍ អ៊ុំ សុភា មេបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអភិបាលក្រុងកំពង់ឆ្នាំង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានរងគ្រោះដោយស្រុតផ្ទះចំនួន០៩ខ្នងផ្ទះ ដោយបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ថវិកា និងស័ង្កសីជូនភ្លាមៗផងដែរ ៕ កាំង ហុងវាស្នា





