ក្នុងទិវាអតីតយុទ្ធជនលើកទី១៧ នៅក្នុងខេត្តកំពង់ឆ្នាំង បងប្អូនអតីតយុទ្ធជនចំនួន១២០គ្រួសារ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដោយបានផ្តល់ការថែទាំ ផ្តល់មុខរបរការងារ រហូតផ្ដល់ដី និងផ្ទះសម្បែងទៀតផង។

អតីតយុទ្ធជន បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ពេលពួកគាត់បានចូលរួមក្នុងទិវាអតីតយុទ្ធជនលើកទី១៧នេះ ដោយបានទទួលនូវថវិការ គ្រឿងឧបភោគបរិភោគពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនដែលកន្លងមកបានចូលរួមក្នុងបុព្វហេតុការពារទឹកដី ជាតិមាតុភូមិ ពីពួកសត្រូវឈ្លានពាន និងបានលះបង់នូវសាច់ស្រស់ឈាមស្រស់ ក្រុមគ្រួសារ ដើម្បីប្រទេសជាតិមានការទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនគួឲ្យគត់សំគាល់នាពេលច្ចុប្បន្ននេះ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានរំលឹកឡើងវិញពីវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធក្នុងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងថែរក្សា ការពារ សន្តិភាព ស្ថេរភាពសង្គមរហូតដល់សព្វថ្ងៃនេះ។ វីរជនពិតប្រាកដ គឺបងប្អូនអតីតយុទ្ធនេះហើយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជារំដោះប្រទេសជាតិ នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍពិតប្រាកដរហូតដល់បច្ចុប្បន្ននេះ។ ការអភិវឌ្ឍនាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន បានខិតខំគៀងគរអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងបានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ យុវជនកម្ពុជា៕ កាំង ហុងវាស្នា


