អគ្គនាយកមជ្ឈមណ្ឌលបរិក្ខារជាតិរបស់ប្រទេសហៃទី លោក លូអ៊ីស ឃិនស្តុន (Louis Kinston) បាននិយាយកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថា ប្រជាជនដែលទុក ឬបោះចោលសំរាមចោលផ្ដេសផ្ដាសនៅក្នុងរដ្ឋធានីព័រអូប្រាំង នៃប្រទេសហៃទី នឹងត្រូវបានអាជ្ញាធរឃាត់ខ្លួន ដោយបន្ថែមថាប្រជាពលរដ្ឋគួរតែជួយធ្វើឱ្យប្រទេសស្អាតគ្មានសំរាម។

លោក ឃិនស្តុន បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសម្អាតដ៏ធំនៃរដ្ឋធានីហៃទី កាលពីចុងសប្តាហ៍ ដោយនិយាយថា «វាមិនអាចទៅរួចទេដែលសំរាមបានកើនឡើងទ្វេដងបន្ទាប់ពីយើងសម្អាតអស់រយៈពេលពីរថ្ងៃ។ នោះហើយជាមូលហេតុដែលយើងស្នើសុំឱ្យកងពលតូចចាប់ផ្តើមឃុំខ្លួនមនុស្សដែលទុកសំរាមចោលនៅតាមផ្លូវ»។

យុទ្ធនាការសម្អាតដ៏ធំនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនគរបាលកេនយ៉ា មួយចំនួនត្រូវបានដាក់ពង្រាយដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។
ពួកគេបានចុះចតនៅហៃទី កាលពីសប្តាហ៍មុនដើម្បីដឹកនាំបេសកកម្មដែលផ្តល់សច្ចាប័នដោយអង្គការសហប្រជាជាតិ ដែលបានកំណត់ចំនួននគរបាលជាង ២.៥០០ នាក់ ប៉ុន្តែគេមិនច្បាស់ទេថានៅពេលណាដែលកងកម្លាំងនៅសល់អាចទៅដល់ប្រទេសដែលហែកហួរដោយអំពើហិង្សាមួយនេះ៕