ពលរដ្ឋអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថាភាពរអាក់រអួលក្នុងការជជែកដេញដោលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) អាចជំរុញកម្លាំងចិត្តសត្រូវនៅមជ្ឈិមបូព៌ារបស់ប្រទេសនេះ ចំពោះអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាពេលវេលាដ៏សំខាន់សម្រាប់ការដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។

បណ្ដាអ្នកអត្ថាធិប្បាយអ៊ីស្រាអែល មកពីគ្រប់មជ្ឈដ្ឋាននយោបាយបានព្រមានថា អ៊ីរ៉ង់ និងក្រុមប្រយុទ្ធតំណាងរបស់ខ្លួន អាចព្យាយាមទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់លោក បៃដិន នៅពេលដែលអ៊ីស្រាអែល ប្រយុទ្ធនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយកំពុងថ្លឹងថ្លែងលើការរំពឹងទុកនៃជម្លោះពេញលេញជាមួយក្រុម ហេសបូឡា (Hezbollah) នៅលីបង់។

ក្រុមមន្ត្រីអាមេរិកបាននិងកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងការប៉ុនប៉ងដើម្បីបញ្ចៀសសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ ដែលពួកគេបារម្ភថាអាចអូសទាញទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
សារព័ត៌មានជាច្រើនរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានចុះផ្សាយការជជែកដេញដោលរបស់លោក បៃដិន នៅលើទំព័រមុខរបស់ខ្លួន ដែលនាំឱ្យមានការវែកញែកកាន់តែខ្លាំងនៅរដ្ឋជ្វីហ្វមួយនេះ។

ខណៈដែលក្រុមស្ដាំនិយមរបស់ស្រាអែល មួយចំនួនបានចំអកការជជែកដេញដោលរបស់លោក បៃដិន ហើយសង្ឃឹមថានឹងលោក ដូណាល់ ត្រាំ (Donald Trump) ទទួលជ័យជម្នះ អ្នកវិភាគម្នាក់ឈ្មោះ អាមូស ហារ៉ែល (Amos Harel) បាននិយាយថា នោះគឺជាការបង្ហាញពីការរមិលគុណ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានឈរនៅខាងអ៊ីស្រាអែល ហើយបានផ្គត់ផ្គង់សព្វាវុធក្នុងបរិមាណដ៏ច្រើន៕