ប្រធានាធិបតីប្រទេសកេនយ៉ា លោក William Ruto បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងប្រកាន់ខ្ជាប់នីតិរដ្ឋ និងការពារប្រជាជនទាំងអស់ ក្នុងពេលមានការតវ៉ា ទាមទារឲ្យលោកលាលែងពីតំណែង ខណៈលោក ក៏បានប្រកាសពីផែនការកាត់បន្ថយការចំណាយយ៉ាងច្រើន ដើម្បីបង្ហាញពី «ការពិតថ្មី» បន្ទាប់ពីបានដកសេចក្តីស្នើច្បាប់ហិរញ្ញវត្ថុដែលមានភាពចម្រូងចម្រាស់។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោក Ruto បានថ្កោលទោសការបាត់បង់អាយុជីវិតក្នុងអំឡុងពេលបាតុកម្មប្រឆាំងសេចក្តីស្នើច្បាប់កាលពីពេលថ្មីៗនេះ ដែលរួមមានការដំឡើងពន្ធដែលពុំមានការគាំទ្រច្រើន ប៉ុន្តែបាននិយាយថា លោកក៏ត្រូវតែការពារប្រជាជនស្លូតត្រង់ពីអ្វីដែលលោកនិយាយថា «ឧក្រិដ្ឋជន» ទាញយកផលប្រយោជន៍ពីភាពវឹកវរ។

យ៉ាងហោចណាស់មនុស្ស២៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលក្នុងអំឡុងពេលការតវ៉ា រយៈពេលពីរសប្តាហ៍កន្លងទៅនេះ។
សកម្មជន បានផ្សព្វផ្សាយការអំពាវនាវឱ្យធ្វើកូដកម្មបន្ថែមទៀត និងការមិនគោរពតាមរដ្ឋប្បវេណី លុះត្រាតែលោក Ruto លាលែងពីតំណែង ដោយចោទប្រកាន់លោកថា ពុំបានការពារប្រជាជនកេនយ៉ា។
ដើម្បីកាត់បន្ថយការចំណាយ បន្ទាប់ពីការបោះបង់វិធានការពន្ធដែលមានបំណងប្រមូលប្រាក់ចំនួន២,៦៨ ពាន់លានដុល្លារ លោក Ruto បានប្រកាសពីការលុបចោលការិយាល័យរបស់ស្រ្តីទីមួយ និងស្ត្រីទីពីរ ពីឆ្នាំថវិកាថ្មី ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ។
ការដកចេញសេចក្តីស្នើច្បាប់ ធ្វើឱ្យកម្មវិធីប្រាក់កម្ចីចំនួន៣,៦ពាន់លានដុល្លាររបស់ប្រទេសកេនយ៉ា ជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) មានហានិភ័យ។ IMF ទាមទារឱ្យមានការពិនិត្យឡើងវិញជាទៀងទាត់អំពីកំណែទម្រង់ មុននឹងបញ្ចេញកញ្ចប់ថវិកា។