បាល់ទាត់៖ ក្រុមព្រះខ័នរាជស្វាយរៀងបានប្រកាសចុះកុងត្រាជាមួយខ្សែបម្រើ Emmanuel Junior Mbarga Mkene ប្អូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធឆ្នើម Jean Marie Privat Befolo Mbarga ដើម្បីពង្រឹងក្រុមនៅជុំទី២ នៃលីគកំពូលកម្ពុជាឆ្នាំ២០២១។

វត្តមានរបស់ Emmanuel Mbarga នឹងត្រូវបំពេញកូតាកីឡាករបរទេសត្រៀមលីគជុំទី២ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាសចែកផ្លូវជាមួយខ្សែបម្រើប្រេស៊ីល Thiago de Jesus កាលពីថ្មីៗកន្លងទៅ ក្រោយរួមចំណែកជួយក្រុមបាន ១០ប្រកួតក្នុងជុំទី១។ ប្អូនប្រុសបង្កើតរបស់ម្ចាស់ស្បែកជើងមាស ២សម័យរូបនេះបច្ចុប្បន្នមានវ័យ ២២ឆ្នាំដែលផ្ទេរមកពីក្លិប Tours FC នៃក្របខណ្ឌលំដាប់ទី៥ នៃលីគបារាំង National 3 ហើយ Emmanuel Mbarga ក៏ធ្លាប់លេឲ្យក្លិប Agueda នៅប្រទេសព័រទុយហ្គាល់ និងធ្លាប់ជាប់ជម្រើសជាតិ U23 កាមេរ៉ូនទៀតផង។
ដូច្នេះ Emmanuel នឹងត្រូវពួតដៃជាមួយបងប្រុសកីឡាករ Privat និងកីឡាករបរទេស ៣រូបផ្សេងទៀតរួមមានខ្សែប្រយុទ្ធអេស្ប៉ាញ Miguel Angel Junco Martinez, ខ្សែប្រយុទ្ធសេណេហ្គាល់ Robert Lopez Mendy និងខ្សែបម្រើជប៉ុន Daisuke Kobayashi ដើម្បីប្រយុទ្ធនៅជុំទី២ នៃលីគកំពូលកម្ពុជាឆ្នាំ២០២១ ខាងមុខ។ សូមបញ្ជាក់ថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងកំពុងឈរលេខរៀងទី៤ បណ្ដោះអាសន្នដោយរកបាន ១៩ពិន្ទុក្នុងដៃស្មើក្រុមណាហ្គាវើលដ៏ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតឈ្នះ ៦ ស្មើ ១ និងចាញ់ ៣ប្រកួត តាមពីក្រោយក្រុមកំពូលតារាង ៣ពិន្ទុប៉ុណ្ណោះ៕
អត្ថបទ៖ លី ឈុនឡា