ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍មុនថា គំនរសំរាមដែលស្អុយរលួយ កំពុងគរចោលនៅជិតកន្លែងមនុស្សស្នាក់នៅក្នុងតង់នៅទូទាំងតំបន់ហ្កាហ្សា ដែលបង្កើនការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការរីករាលដាលនៃជំងឺ។

ថ្លែងពីភាគកណ្តាលតំបន់ហ្កាហ្សា មន្ត្រីទំនាក់ទំនងជាន់ខ្ពស់របស់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA លោកស្រី លូអ៊ីស វ៉ធើរីច (Louise Wateridge) បាននិយាយថា កាកសំណល់ប្រហែល ១០០.០០០ តោនកំពុងគរចោលជុំវិញជំរំមួយនៅជិតការិយាល័យរបស់លោកស្រី ដោយបន្ថែមថា តំបន់ហ្កាហ្សាស្ទ្រីបទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នានេះ។

អ្នកនាំពាក្យអង្គការ WHO លោក ថារីក ចាសារ៉េវីក (Taric Jasarevic) បានព្រមានថា បញ្ហាសំរាមនេះរួមផ្សំជាមួយនឹងកម្ដៅរដូវក្តៅដ៏ខ្ពស់ កង្វះអនាម័យ អាហារ និងទឹក បង្កើនហានិភ័យនៃការផ្ទុះឡើងនៃជំងឺឆ្លង។ លោកបានបន្តថា៖ «នៅពេលដែលអាកាសធាតុក្តៅ ហើយខ្វះអនាម័យ នោះប្រភពទឹកអាចងាយនឹងមានមេរោគ ហើយវានឹងនាំមកនូវជំងឺជាច្រើន ដូចជាជំងឺរាគជាដើម។
យុទ្ធនាការរបស់អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញជាច្រើនលើតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយនោះបណ្តាលឱ្យសំរាម និងកាកសំណល់យ៉ាងច្រើនត្រូវទុកចោល។ កាលពីរដូវក្តៅឆ្នាំមុន រលកកម្ដៅនៅតំបន់ហ្កាហ្សា បានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៣៨ អង្សារសេ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីរយៈពេល ១២ ម៉ោងនៅក្នុងដែនដីដ៏តូចចង្អៀត ដែលគាបនៅចន្លោះរវាងអេហ្ស៊ីប និងអ៊ីស្រាអែលមួយនេះ៕