ប្រភពចំនួនពីរដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នឹងចោទប្រកាន់បទព្រហ្មទណ្ឌទៅលើក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ពីបទក្លែងបន្លំ ជុំវិញសោកនាដកម្មធ្លាក់យន្តហោះចំនួនពីរលើក ហើយស្នើឱ្យក្រុមហ៊ុនផលិតយន្តហោះមួយនេះផ្ដល់ចម្លើយពីភាពមានទោស បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការកាត់ក្តី។

ប្រភពនោះបាននិយាយថា ក្រសួងយុត្តិធម៌គ្រោងនឹងផ្តល់កិច្ចព្រមព្រៀងជាផ្លូវការដល់ក្រុមហ៊ុន ប៊ូអ៊ីង នៅល្ងាចថ្ងៃដដែលនោះ ដែលរួមបញ្ចូលទាំងការពិន័យផ្នែកហិរញ្ញវត្ថុ និងការដាក់អង្គភាពត្រួតពិនិត្យឯករាជ្យ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងការអនុវត្តការអនុលោមរបស់ក្រុមហ៊ុនសម្រាប់រយៈពេលបីឆ្នាំ។

ប្រភពបានបន្ថែមថា ក្រុមមន្ត្រីក្រសួងយុត្តិធម៌គ្រោងនឹងផ្តល់ឱ្យក្រុមហ៊ុន ប៊ូអ៊ីង រហូតដល់ចុងសប្តាហ៍ដើម្បីឆ្លើយតបទៅនឹងការផ្តល់ជូន ដែលដល់ពេលនោះពួកគេនឹងបង្ហាញខ្លួនជាភាគីមិនអាចចរចារបាន។ ពួកគេបាននិយាយថា ប្រសិនបើក្រុមហ៊ុន ប៊ូអ៊ីង មិនព្រមសារភាពកំហុស រដ្ឋអាជ្ញាគ្រោងនឹងនាំក្រុមហ៊ុននេះទៅរកការកាត់ទោស។

ក្រសួងយុត្តិធម៌ បានសម្រេចចោទប្រកាន់ក្រុមហ៊ុន ប៊ូអ៊ីង បន្ទាប់ពីបានរកឃើញថាស្ថាប័ននេះបានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០២១ ដែលបានការពារខ្លួនពីការកាត់ទោស ជុំវិញហេតុការណ៍ធ្លាក់យន្តហោះដ៏សោកសៅដែលពាក់ព័ន្ធនឹងយន្តហោះប្រភេទ ៧៣៧មេក (737 MAX)។ ឧបទ្ទវហេតុយន្តហោះនោះបានកើតឡើងក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់៕