ប្រជាជននៅទីក្រុងឆ្នេរ ខានឃូន(Cancun) ប្រទេសម៉ិកស៊ិក បានសម្រុកទៅកាន់ហាងលក់គ្រឿងសំណង់ និងសម្ភារៈ កាលពីថ្ងៃអាទិត្យ ដើម្បីទិញបន្ទះក្តាឈើ ខណៈពួកគេត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះត្រូពិច Chris ។

លោក Edgar Gil ពលរដ្ឋទីក្រុងឆ្នេរ ខានឃូន(Cancun) បាននិយាយថា លោកកំពុងទិញឈើ ដើម្បីគ្របលើទ្វារ និងបង្អួចរបស់លោក ដូច្នេះលោកអាចការពារផ្ទះ ប្រសិនបើព្យុះខ្លាំងមកដល់។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការណែនាំមួយ កាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិច Chris បានកើតឡើងនៅចម្ងាយប្រហែល១៦៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Tuxpan ប្រទេសម៉ិកស៊ិក ដោយមានល្បឿនខ្យល់បក់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងចាប់ផ្តើមចុះខ្សោយទៅវិញ បន្ទាប់ពីបោកបក់មកដល់ដីគោក។

អ្នកព្យាករណ៍មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី បាននិយាយថា ព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កើតបរិមាណទឹកភ្លៀងសរុបពី ៤ទៅ ៨ អ៊ីញ (១០ ទៅ២០ សង់ទីម៉ែត្រ) ឆ្លងកាត់ផ្នែកមួយចំនួននៅភាគខាងកើតប្រទេសម៉ិកស៊ិក រហូតដល់ថ្ងៃច័ន្ទ ទី១ ខែកក្កដា នេះ។