ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV បាននិយាយកាលនៅថ្ងៃចន្ទ ទី១ ខែកក្កដានេះថា បុគ្គលិកប្រតិបត្តិបួននាក់ មកពីផ្សារទំនើបមួយក្នុងសហភាពមីយ៉ាន់ម៉ា រួមទាំងមន្ត្រីក្រុមហ៊ុនវិនិយោគរួម ជនជាតិជប៉ុនម្នាក់ ត្រូវបានចាប់ខ្លួនពីបទលក់អង្ករ ក្នុងតម្លៃបំប៉ោង។

ទូរទស្សន៍ MRTV បាននិយាយនៅក្នុងសេចក្តីការណ៍ថា អ្នកដែលត្រូវបានចាប់ខ្លួន រួមមានបុគ្គលិកប្រតិបត្តិមកពីផ្សារទំនើប Aeon Orange ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Aeon របស់ប្រទេសជប៉ុន និងក្រុមហ៊ុន គ្រីអេតសិន មីយ៉ាន់ម៉ា(Creation Myanmar) មានមូលដ្ឋាននៅទីក្រុង យ៉ាងហ្គោន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា អាជ្ញាធរនិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស១១នាក់ រួមមានឈ្មួញអង្ករ និងមន្ត្រី មកពីរោងម៉ាស៊ីនកិនស្រូវ និងអ្នកលក់រាយអង្ករ ដោយចោទប្រកាន់ពួកគេថាបានបំប៉ោងថ្លៃពី ៣១% ទៅ ៧០% ពីកម្រិតដែលបានកំណត់។
សហភាពមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ បង្កឱ្យមានការតវ៉ារាលដាល ដែលបានឈានទៅដល់ការតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ក្នុងពេលមានការកើនឡើងអំពើហិង្សា និងភាពក្រីក្រនៅក្នុងសហភាពនេះ បានរីករាលដាលជាងនៅពេលណាៗទាំងអស់ ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ហើយកង្វះកម្លាំងពលកម្ម និងរូបិយបណ្ណធ្លាក់ចុះ បានធ្វើឱ្យសហភាពមីយ៉ាន់ម៉ា ពិបាកក្នុងការធ្វើអាជីវកម្ម ។
កាលពីខែមុន របបយោធា បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៣៥នាក់ ដោយការបង្រ្កាបអ្នកជួញដូរមាស និងប្តូរប្រាក់បរទេស និងភ្នាក់ងារលក់អចលនទ្រព្យបរទេស ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណដែលកំពុងធ្លាក់ចុះ យ៉ាងឆាប់រហ័ស។