
កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) កាលពីថ្ងៃអាទិត្យ បានបដិសេធការអះអាងដែលថា កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) បានកាន់កាប់ទីក្រុង Singa ជារដ្ឋធានីនៃរដ្ឋ Sinnar នៅភាគ កណ្តាល ប្រទេសស៊ូដង់។
លោក Nabil Abdalla អ្នកនាំពាក្យរបស់ SAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងរបស់យើង នៅក្នុងទីក្រុង Singa កំពុង...ប្រយុទ្ធនឹងសត្រូវយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយទឹកចិត្តមុះមុតបំផុត ដោយកត់សម្គាល់ថា កងកម្លាំង«កំពុងកាន់កាប់ទីតាំងឈរជើងរបស់ពួកគេ។
កាលពីល្ងាចថ្ងៃសៅរ៍ អ្នកនាំពាក្យរបស់ RSF លោក Al-Fateh Qurashi បានប្រកាសនៅលើវេទិកាសង្គម X ថា RSF បានគ្រប់គ្រងទាំងស្រុងលើទីក្រុង Singa ហើយបានរឹបអូសស្ថាប័នទាំងអស់ នៅក្នុងទីក្រុង រួមទាំងទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាលរដ្ឋផងដែរ។
ក្នុងពេលជាមួយគ្នានេះ ក្រុមសង្កេតការណ៍ Al-Sinnari ជាអង្គការផ្នែកច្បាប់ក្នុងស្រុក បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យអំពីគ្រោះមហន្តរាយមនុស្សធម៌ថ្មីមួយ នៅក្នុងទីក្រុងនេះ។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖«រដ្ឋធានីSinga បានឃើញការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ និងការបាញ់ផ្លោងកាំភ្លើងធំដោយហិង្សាទៅលើគោលដៅស៊ីវិលមួយចំនួន និងប្រជាពលរដ្ឋស្លូតត្រង់ ចំពេលមានរបាយការណ៍អំពីការខូចខាតក្នុងចំណោមជនស៊ីវិល ដែលកំពុងត្រូវបានរាប់បញ្ចូលផងដែរ។
ក្រុមសង្កេតការណ៍ បាននិយាយថា ពលរដ្ឋរាប់ពាន់នាក់ ត្រូវបានផ្លាស់ទីលំនៅ និងផ្លាស់ទីឆ្ពោះទៅរដ្ឋ Blue Nile នៅភាគខាងត្បូងប្រទេសស៊ូដង់។