
ភាគខាងកើតតំបន់ការ៉ាអ៊ីប កំពុងត្រៀមខ្លួនការមកដល់របស់ព្យុះកំណាចកម្រិតទី ៤ Beryl ដែលជាប្រភេទព្យុះសង្ឃរាគំរាមកំហែងដល់អាយុជីវិតមនុស្ស ។
ហាងនៅប្រទេសកោះសាំង វីនសេន បានបិទទ្វារ ខណៈអ្នកស្រុកសម្រុកទៅកាន់ស្ថានីយ៍ប្រេង ដើម្បីចាក់សាំងរថយន្តរបស់ពួកគេ ។
ចំណែកប្រទេសកោះបាបាដូស ដែលមានចម្ងាយរាប់រយគ.មពីគ្នា អ្នកដើរផ្សារ បានរួសរាន់ ទិញស្តុកទំនិញនៅតាមផ្សារទំនើបនៅក្នុងទីក្រុង Bridgetown ។
ព្យុះ Beryl បានបង្កើតប្រវត្តិសាស្រ្តរួចទៅហើយ ក្នុងនាមជាព្យុះកំណាចកម្រិតទី ៤ លឿនបំផុត ហើយគេរំពឹងថា វានឹងនាំមកជាមួយកម្លាំងខ្យល់បក់គំរាមកំហែងដល់អាយុជីវិតមនុស្ស និងទឹកជំនន់ដ៏គំហក់នៅតាមកោះជាច្រើននាថ្ងៃចន្ទនេះ ។
អ្នកស្រី Justina គឺជាអ្នកចាត់ការក្នុងហាងលក់សម្ភារៈគ្រឿងអគ្គិសនីនៅទីក្រុង Bridgetown និយាយថា ពួកយើងបើកហាងមុនកន្លះម៉ោងនៅព្រឹកនេះ ដើម្បីទទួលអតិថិជនដែលប្រញាប់មកទិញទំនិញ ។
អ្នកស្រីបន្តថា ពួកគេបានទិញម៉ាស៊ីនភ្លើង ទិញអ្វីៗគ្រប់បែបយ៉ាងដែលពួកគេគិតថា អាចទិញបាន ហើយពួកយើងស្ទើតែអស់ទំនិញពីក្នុងហាងទៅហើយ ៕