
នាយអគ្គសេនាធិការកងទ័ពរបស់បេឡារុស លោក Pavel Muraveiko បាននិយាយថា ប្រទេសរបស់ខ្លួន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិចដែលរុស្ស៊ីដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន ប្រសិនបើអធិបតេយ្យភាព ឬឯករាជ្យភាពរបស់ប្រទេសបេឡារុស ត្រូវបានគំរាមកំហែង។ នេះបើតាមសារព័ត៌មានរដ្ឋបេឡារុស Belta បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី៣០ ខែមិថុនា)។
លោក Muraveiko បាននិយាយតាមទូរទស្សន៍ថា៖ «យើងដឹងថា តើត្រូវគ្រប់គ្រងអាវុធទាំងនេះយ៉ាងដូចម្ដេច។ យើងដឹងថា តើប្រើប្រាស់ពួកវាដោយទំនុកចិត្តយ៉ាងដូចម្ដេច។ យើងអាចធ្វើបាន ហើយអ្នកអាចប្រាកដថា យើងនឹងប្រើអាវុធទាំងនេះ ប្រសិនបើអធិបតេយ្យភាព និងឯករាជ្យនៃប្រទេសរបស់យើង ត្រូវបានគំរាមកំហែង»។
មួយថ្ងៃមុននេះ សារព័ត៌មានរដ្ឋ Belta បានរាយការណ៍ថា យោធាបេឡារុស បានអះអាងថា អ៊ុយក្រែនកំពុងដាក់ពង្រាយកងកម្លាំងរបស់ខ្លួនទៅកាន់ព្រំដែនរដ្ឋរួមគ្នា ដើម្បីបង្កជាសកម្មភាព «បំផ្លិចបំផ្លាញ និងអំពើភេរវកម្ម»។
សារព័ត៌មាន Kyiv Independent មិនអាចផ្ទៀងផ្ទាត់ការអះអាង ដែលថា អ៊ុយក្រែនកំពុងចល័តកងកម្លាំងរបស់ខ្លួន ទៅជិតព្រំដែនបេឡារុសទេ ខណៈសារព័ត៌មានរដ្ឋបេឡារុស មានរឿងរ៉ាវជាយូរមកហើយនៃការអះអាងដែលមិនមានការបញ្ជាក់ច្បាស់លាស់នោះ។
ទោះបីជាប្រទេសបេឡារុស មិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនក៏ដោយ ក៏រុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបញ្ជូនអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយចំនួនទៅប្រទេសបេឡារុស៕