
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអះអាងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារលើតំបន់ព្រំដែនរុស្ស៊ី បានជួយការពារអាយុជីវិតមនុស្ស ។
អំឡុងសុន្ទរកថានៅពេលយប់ លោក Zelenskiy និយាយថា ពេលណាដែលពិភពលោកជួយពួកយើងទប់ទល់ជាមួយយន្តហោះប្រយុទ្ធរុស្ស៊ីដែលទម្លាក់គ្រាប់បែកទាំងនេះ ពេលនោះពួកយើងនឹងអាចវាយប្រហារ គឺវាយប្រហារដោយសមហេតុលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៊ី អាកាសយានដ្ឋានយោធារុស្ស៊ី ហើយពួកយើងកាន់តែខិតជិតទៅរកសន្តិភាព ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃអាទិត្យ កងកម្លាំងរុស្ស៊ី បានវាយប្រហារតំបន់ភាគកណ្តាលទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២របស់អ៊ុយក្រែន ដោយប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ និងបានសម្លាប់មនុស្សម្នាក់ ខណៈមនុស្ស ៨នាក់ផ្សេងទៀត រងរបួស ។
ទីក្រុង Kharkiv ដែលស្ថិតនៅចម្ងាយប្រហែល ៣០គ.មពីព្រំដែនរុស្ស៊ី បានក្លាយជាគោលដៅវាយប្រហារញឹកញាប់របស់រុស្ស៊ី ប៉ុន្តែទីក្រុងមួយនេះ ពុំស្ថិតក្រោមកណ្តាប់ដៃរបស់រុស្ស៊ីនោះឡើយ នៅដំណាក់កាលដំបូងនៃការវាយលុករបស់ទីក្រុងម៉ូស្គូកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕