
ប្រជាពលរដ្ឋ នាំគ្នាសម្រុកធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលទីក្រុង និងតំបន់ឆ្នេរ នៅទីក្រុងកំពង់ផែ Gdansk ប្រទេសប៉ូឡូញ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣អង្សាសេ ។
ស្របពេលដែលអ្នកស្រុកមួយចំនួនដូចជាគ្រូបង្រៀន Julita Kakol រីករាយនឹងការទទួលយកសីតុណ្ហភាពដូចតំបន់ត្រូពិកនៅជិតសមុទ្របាល់ទិកបែបនេះ ពលរដ្ឋផ្សេងទៀត ដូចជាលោក Michal Koczny យល់ឃើញថា វាគឺជារឿងដ៏ចម្លែកមួយ នៅពេលមើលឃើញសីតុណ្ហភាពហក់ឡើងខ្ពស់បែបនេះ នៅក្នុងប្រទេសរបស់លោក ។
ក្រុមអាជ្ញាធរ បានចេញការព្រមានពីរលកកម្តៅនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ក្នុងនោះសីតុណ្ហភាពបានកើនឡើងដល់ ៣៤អង្សាសេនៅរដ្ឋធានីវ៉ាសូវី ។
នៅទីក្រុង Gdansk តំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលប៉ូឡូញ ក្រុមអាជ្ញាធរ បានចេញការព្រមានពីព្យុះផ្គរន្ទះធ្ងន់ធ្ងរផងដែរ ជាមួយនឹងភ្លៀងធ្លាក់កម្ពស់ ៥០មីលីម៉ែត្រ និងសន្ទុះខ្យល់បក់រហូតដល់ ១២០គ.មក្នុង១ម៉ោង ៕