
ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងភាគខាងត្បូង Rafah ស្ថិតក្នុងតំបន់ហ្កាហ្សាស្រ្ទីប និងបានទាញសាកសពមនុស្ស ៦នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។
ការវាយប្រហារលើផ្ទះមួយខ្នងនៅជំរំ Shaboura ស្ថិតកណ្តាលទីក្រុង Rafah បានកើតមានឡើង ស្របពេលដែលរថក្រោះអ៊ីស្រាអែល បានរុលចូលកាន់តែជ្រៅទៅក្នុងស្រុកជាច្រើននៅភាគខាងកើត ភាគខាងលិច និតភាគកណ្តាលទីក្រុងមួយនេះ ដែលស្ថិតនៅជិតព្រំដែនប្រទេសអេហ្ស៊ីប ។
រូបភាពវីដេអូឃ្លីប បញ្ចេញដោយក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ឃើញក្រុមការងារសែងសាកសពនៅក្នុងថង់ពណ៌ស. ចូលក្នុងរថយន្តគិលានសង្រ្គោះ និងបានបញ្ជូនសាកសពទាំងនេះ ទៅកាន់មន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុងជិតខាង Khan Younis ។
អ៊ីស្រាអែល និយាយថា ប្រតិបត្តិការសឹករបស់ពួកគេនៅទីក្រុង Rafah មានគោលដៅបោសសម្អាតឲ្យអស់កងវរសេនាតូចប្រដាប់អាវុធចុងក្រោយគេរបស់ក្រុមហាម៉ាស់ នៅក្នុងសង្រ្គាមមួយដែលបានចាប់ផ្តើមពេលក្រុមអ៊ីស្លាមមួយនេះ វាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕