ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រសួងពាក់ព័ន្ធ និងអាជ្ញាធរចុះពិនិត្យការដ្ឋាននៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីត្រៀមពិធីបើកការដ្ឋានជាផ្លូវការនាថ្ងៃទី៥ ខែសីហាខាងមុខនេះ។
នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំក្រសួងពាក់ព័ន្ធ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធខេត្តកណ្តាល ចុះពិនិត្យការដ្ឋាននៃគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតតាមបណ្តោយព្រែកតាកែវ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ការអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅរសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានគោលបំណងពិនិត្យមើលលើដំណើរការរបស់ក្រុមការងារដែលកំពុងជីកតាមបណ្តោយព្រែកតាកែវ ដែលជាច្រកផ្លូវនាវាចរណ៍សម្រាប់ចេញទៅកំពង់ផែស្វយ័តភ្នំពេញ រួមទាំងទីតាំងសម្រាប់ប្រារព្ធពិធីបើកការដ្ឋានផ្លូវការនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ប្រជាពលរដ្ឋដែលរស់នៅតាមព្រែកតាកែវ បានបង្ហាញក្តីសប្បាយរីករាយ និងគាំទ្រចំពោះការចាប់ផ្តើមរបស់ក្រុមការងារការដ្ឋានដែលកំពុងជីកតាមបណ្តោយព្រែក ដោយសារគម្រោងព្រែកជីកហ្វូណនតេជោនេះមានអត្ថប្រយោជន៍ដលឮសង្គមជាតិទាំងមូល។
(Inter Ok)
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹងលើគម្រោងដ៏សំខាន់នេះ ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០ លានដុល្លារអាមេរិក។
ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។ លើសពីនេះគម្រោងនេះដែរ នឹងឈានទៅបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។
អត្ថបទ៖ សេក ឧត្តម







