
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍កាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគនិរតីប្រទេសចិន បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដីសម្លាប់មនុស្ស ជន់លិចដីកសិកម្ម និងជាប់ខ្លួនអ្នកស្រុកនៅក្នុងផ្ទះរបស់ពួកគេ ។
នៅខេត្ត Guizhou ក្រុមកម្មករប្រើប្រាស់គ្រឿងចក្រ ដើម្បីបោសសម្អាតល្បាប់ភក់ និងកម្ទេចកម្ទីបិទផ្លូវ ក្រោយបំណាក់ដីជាច្រើនកន្លែងនៅទីនោះ ។
ទឹកជំនន់ធ្ងន់ធ្ងរ បង្កភាពវឹកវរដល់តំបន់រស់នៅរបស់អ្នកស្រុកផងដែរ និងបណ្តាលឲ្យហាងរងការខូចខាតច្រើន និងការខាតបង់ធ្ងន់ធ្ងរ ។
CCTV បានចាក់ផ្សាយរូបភាពវីដេអូឃ្លីប ឃើញចរន្តទឹកហូរខ្លាំងនៅតាមដៃទន្លេ Wu ដែលជាដៃទន្លេខាងត្បូងរបស់ទន្លេ Yangtze ខណៈដែលក្រុមការងារសង្រ្គោះ ចុះប្រតិបត្តិការជម្លៀសមនុស្សជាប់ខ្លួននៅក្នុងអគារ ។
ខណៈពេលនោះដែរ រដ្ឋាភិបាលកណ្តាលចិន បានផ្តល់មូលនិធិជាង ៣១៦,៤លានដុល្លារ ដើម្បីជួយដល់កិច្ចការសង្រ្គោះ ការផ្គត់ផ្គង់បន្ទាន់ និងផែនការអភិវឌ្ឍន៍ក្នុងតំបន់ ស្របពេលដែលទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់អស់រយៈពេលជិត ២សប្តាហ៍ បានវាយប្រហារតំបន់ជាច្រើនរបស់ចិន ៕