ប្រដាល់៖ កំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានចាប់ផ្តើមគិតពីរឿងចូលនិវត្តន៍ហើយក្រោយចាញ់កីឡាករគុយបា Yordenis Ugas កាលពីថ្ងៃអាទិត្យ។ ការប្រកួតកាលពីថ្ងៃអាទិត្យម្សិលមិញជាប្រកួតដំបូងប៉ុណ្ណោះសំរាប់ Pacquiao ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ពីប្រកួតចុងក្រោយបំផុតយកឈ្នះ Keith Thurman ដណ្តើមខ្សែក្រវាត់ WBA កាលពីខែកក្កដា ឆ្នាំ២០១៩។

ក្រោយចប់ការប្រកួតទល់នឹង Yordenis Ugas, Pacquiao បាននិយាយថា អនាគតទៅមុខអ្នកប្រហែលជាលែងឃើញ Pacquiao ប្រកួតនៅលើសង្វៀនទៀតហើយ។ កីឡាករវ័យ ៤២ឆ្នាំរូបនេះក៏បាននិយាយប្រាប់សារព័ត៌មាន ESPN ដែរថា រូបគេកំពុងគិតពីរឿងចូលនិវត្តន៍។ ក្រោយចាញ់ Ugas, Pacquiao នៅពេលនេះមានស្ថិតិប្រកួត ៧២ប្រកួត ឈ្នះ ៦២ ចាញ់ ៨ ស្មើ ២ ចំណែក Yordenis Ugas ជ័យជំនះលើ Pacquiao គឺជាជ័យជំនះទី២៧ របស់ខ្លួនក្នុងចំណោម ៣១ប្រកួតចាញ់ ៤។

ត្រឹមជាកីឡាករជំនួសប៉ុណ្ណោះ Ugas បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលក្រោយយកឈ្នះ Manny Pacquiao ដោយពិន្ទុក្រោយ ១២ទឹកដ៏ស្វិតស្វាញ។ Yordenis Ugas គឺជាកីឡាករជំនួស Errol Spence ដែលមិនអាចប្រកួតបានដោយសាររបួសភ្នែក ខណៈដែល Ugas មានពេលហ្វឹកហាត់ត្រៀមត្រឹម ២សប្តាហ៍ប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ