
ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយនៅពីថ្ងៃចន្ទនេះថា ម្ជុលខ្ទាស់ដែលមានរូបថតបញ្ឈររបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានចាត់ទុកថា ជាការខិតខំប្រឹងប្រែង ដើម្បីពង្រឹង តួនាទីរបស់ខ្លួន ជាមេដឹកនាំតែមួយគត់។
រូបថតពីទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េដែលគ្រប់គ្រងដោយរដ្ឋដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញឲ្យឃើញម្ចុលខ្ទាស់ដែលមានរូបថតបញ្ឈរបស់លោក គីម ជុងអ៊ុន ខ្ទាស់ជាប់នឹងអាវធំរបស់ មន្ត្រីកូរ៉េខាងជើងទាំងអស់ ដែលចូលរួមក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមទី៨ របស់គណបក្សពលករដែលកំពុងកាន់អំណាច កាលពីថ្ងៃសុក្រ។
នេះ គឺជាឧទាហរណ៍ដំបូងនៃម្ជុលខ្ទាស់ដែលមានរូបបញ្ឈររបស់លោក គីម ជុងអ៊ុន ដែលកំពុងត្រូវបានប្រើយ៉ាងច្បាស់។
លោក Kim In-ae អ្នកនាំពាក្យរងនៃក្រសួងនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖«នេះគឺជាផ្នែកនៃការផ្លាស់ប្តូរ ដើម្បីបិទបាំងកេរដំណែលរបស់មេដឹកនាំមុនៗ និងបង្កើតសិទ្ធិអំណាចរបស់លោក គីម ជុងអ៊ុន ជាមេដឹកនាំតែមួយគត់»។