
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១ ខែកក្កដា) បាននិយាយថា លទ្ធផលនៃការបោះឆ្នោតសភាជុំទី១ ក្នុងប្រទេសបារាំង បានបញ្ជាក់ពីនិន្នាការដែលកំពុងត្រូវបានសង្កេតឃើញរួចហើយ នៅប្រទេសអឺរ៉ុបផ្សេងៗ។
គួរបញ្ជាក់ថា គណបក្សស្តាំជ្រុលនិយម គឺគណបក្សរួបរួមជាតិ (RN) របស់លោកស្រី Marine Le Pen ទទួលបានសំឡេងគាំទ្រជាប្រវត្តិសាស្ត្រ ដើម្បីឈ្នះការបោះឆ្នោតសភាជុំទី១ របស់ប្រទេសបារាំង ប៉ុន្តែលទ្ធផលចុងក្រោយ នឹងអាស្រ័យលើរយៈពេលប៉ុន្មានថ្ងៃនៃការសាងសម្ព័ន្ធភាព មុនការបោះឆ្នោតជុំទី២ នាសប្តាហ៍ក្រោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូកំពុងតាមដានយ៉ាងដិតដល់ សម្រាប់ការបោះឆ្នោតនៅប្រទេសបារាំង ហើយគិតថា របៀបដែលជុំទី១ បានបញ្ចប់ទៅ ឆ្លុះបញ្ចាំងពីនិន្នាការទូទាំងទ្វីបអឺរ៉ុប។
លោក Peskov បាននិយាយថា៖ «យើងកំពុងតាមដានដំណើរការនៃការបោះឆ្នោតទាំងនេះយ៉ាងដិតដល់ ហើយនិន្នាការដែលបានលេចឡើងមុននេះ នៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ក្នុងនោះរួមទាំងប្រទេសបារាំងផងដែរ កំពុងត្រូវបានបញ្ជាក់។ យើងនឹងរង់ចាំជុំទី២ ទោះបីជាជម្រើសរបស់អ្នកបោះឆ្នោតបារាំងមានភាពច្បាស់លាស់តិច ឬច្រើន ចំពោះយើងក៏ដោយ»៕