
លោក Ismail Kadare ដែលជាអ្នកនិពន្ធប្រលោមលោក និងជាអ្នកសរសេរអត្ថបទភាពយន្តដ៏ល្បីជនជាតិអាល់បានី ដែលប្រឆាំងនឹងការគ្រប់គ្រងដ៏យូររបស់មេដឹកនាំផ្តាច់ការកុម្មុយនីស្ត លោក Enver Hoxha បានទទួលមរណភាព ក្នុងមន្ទីរពេទ្យរបស់រដ្ឋធានី Tirana បន្ទាប់ពីកើតមានអាការគាំងបេះដូង។ លោកមានវ័យ ៨៨ឆ្នាំ។
គួររំលឹកថា លោក Kadare ដែលជាឥស្សរជនឈានមុខគេ ក្នុងផ្នែកនិពន្ធទាំងនៅអាល់បានី និងអន្តរជាតិ ទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅឆ្នាំ១៩៦៣ ដោយសារស្នាដៃប្រលោមលោករបស់លោក ដែលមានចំណងជើងថា «The General of the Dead Army» (មេបញ្ជាការកងទ័ពមរណៈ) ដែលទទួលបានការសរសើរពីអ្នករិះគន់ផ្នែកអក្សរសាស្ត្រ ជុំវិញពិភពលោក។
នាយករដ្ឋមន្រ្តី លោក Edi Rama បានគោរពវិញ្ញាណក្ខន្ធរបស់លោក Kadare តាមរយៈសារ នៅលើបណ្ដាញ Facebook ដោយលើកតម្កើងលោកថា ជា «វិមាននៃវប្បធម៌អាល់បានី»។
លោក Kadare ដែលបានបែងចែកពេលវេលារបស់លោកស្នាក់នៅប្រទេសអាល់បានី និងបារាំង គឺជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីរបស់ប្រទេសបាល់កង់ ហើយស្នាដៃរបស់លោកត្រូវបានបោះពុម្ពជា ៤៥ភាសា។ លោកក៏បានសរសេរកំណាព្យ និក្ខេបបទ និងរឿងភាគផងដែរ។
លោកបានទទួលពានរង្វាន់អន្តរជាតិជាច្រើន ក្នុងនោះរួមទាំងពានរង្វាន់ Man Booker International Prize ក្នុងឆ្នាំ២០០៥ ពានរង្វាន់ Prince of Asturias សម្រាប់ស្នដៃសិល្បៈ ក្នុងឆ្នាំ២០០៩ និងពានរង្វាន់ Jerusalem Prize ក្នុងឆ្នាំ២០១៥។ ដោយកើតនៅទីក្រុង Gjirokaster ក្នុងឆ្នាំ១៩៣៦ នៅព្រះរាជាណាចក្រអាល់បានី លោក Kadare គឺជាកូនប្រុសរបស់បុគ្គលិកការិយាល័យប្រៃសណីយ៍ និងជាស្ត្រីមេផ្ទះ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ លោកបានបញ្ចប់ការសិក្សាផ្នែកភាសា និងអក្សរសាស្ត្រពីសាកលវិទ្យាល័យ Tirana។
លោកបានលាចាកលោក ដោយបន្សល់ទុកភរិយាដែលជាអ្នកនិពន្ធដូចគ្នា គឺលោកស្រី Helena Kadare និងកូនស្រី ២នាក់របស់ពួកគេ៕