
ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ប្រទេសរបស់ខ្លួន បានស្វាគមន៍ចំពោះការទទួលស្គាល់របស់វៀតណាម ចំពោះការដាក់ប្ដឹងរបស់ទីក្រុងម៉ានីលទៅអង្គការសហប្រជាជាតិ (UN) ដើម្បីទទួលបានសិទ្ធិរបស់ខ្លួន នៅលើយតំបន់ថ្មប៉ប្រះទឹកដែលលាតសន្ធឹង ក្នុងសមុទ្រចិនខាងត្បូង ដោយបន្ថែមថា ខ្លួនត្រៀមជាស្រេច ដើម្បីជួបពិភាក្សាជាមួយទីក្រុងហាណូយ ដើម្បីដោះស្រាយបញ្ហាមួយចំនួន។
នៅថ្ងៃចន្ទ (ទី១ ខែកក្កដា) នេះ ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងត្រៀមរួចជាស្រេច ដើម្បីចូលរួមជាមួយវៀតណាមលើមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីធ្វើដំណើរឆ្ពោះទៅមុខ ដែលនឹងជួយឲ្យសម្រេចបាននូវដំណោះស្រាយមានអត្ថប្រយោជន៍ទៅវិញទៅមក ចំពោះបញ្ហាសមុទ្រចិនខាងត្បូង»។
គួរបញ្ជាក់ថា ហ្វីលីពីនកាលពីខែមុន បានដាក់ពាក្យប្តឹងទៅ UN ពាក់ព័ន្ធនឹងតំបន់ថ្មប៉ប្រះទឹកលាតសន្ធឹងមួយ ខណៈដែលខ្លួនស្វែងរកការទទួលស្គាល់ ចំពោះសិទ្ធិរបស់ខ្លួនឲ្យហួសពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលមានចម្ងាយ ២០០ម៉ាយល៍ណត់ (៣៧០,៤គីឡូម៉ែត្រ) ក្នុងសមុទ្រចិនខាងត្បូង។
វៀតណាមបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាជាមួយទីក្រុងម៉ានីល ខណៈដែលខ្លួនស្វែងរកវិធានការដែលសមស្របនឹងផលប្រយោជន៍របស់ប្រទេសទាំង២។
គួរបញ្ជាក់បន្ថែមថា ប្រទេសចិនទាមទារតំបន់ស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវចរាចរណ៍ សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំតាមនាវាជាង ៣សែនកោដិដុល្លារ៕