
ប្រមុខតុលាការ នៅថ្ងៃចន្ទ (ទី១ ខែកក្កដា) នេះ បាននិយាយថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ ត្រូវចេញសាលក្រម នៅខែកញ្ញា ក្នុងសំណុំរឿង ២ករណី ដែលអាចនាំទៅដល់ការបញ្ចប់តំណែងរបស់នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន និងរំលាយគណបក្សប្រឆាំងបោះជំហានទៅមុខ (Move Forward)។
គួរបញ្ជាក់ថា សំណុំរឿងដ៏លេចធ្លោទាំង ២ នេះ បានធ្វើឲ្យភាពមិនប្រាកដប្រជាផ្នែកនយោបាយកើនឡើងខ្លាំង នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់អាស៊ីអាគ្នេយ៍ ដែលបានជួបការលំបាក ក្នុងការងើបឡើងវិញ ចាប់តាំងពីត្រូវបានរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩។
ប្រធានតុលាការធម្មនុញ្ញ លោក Nakharin Mektrarat បានប្រាប់អ្នកសារព័ត៌មានថា សេចក្តីសម្រេចនឹងត្រូវធ្វើឡើង នៅខែកញ្ញា។ កាលពីខែមុន តុលាការបានប្រកាសថា ថ្ងៃបើកសវនាការបន្ទាប់ ក្នុងសំណុំរឿងរបស់គណបក្ស Move Forward នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ខណៈបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រី នឹងត្រូវបើកសវនាការបន្ទាប់នៅថ្ងៃទី១០ ខែកក្កដា។
មហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា ដែលបានចូលប្រឡូកក្នុងឆាកនយោបាយជាមួយគណបក្សភឿថៃដែលកំពុងកាន់អំណាច កាលពីឆ្នាំមុន ប្រឈមនឹងការបញ្ចប់តំណែង ជុំវិញការតែងតាំងមេធាវី ដែលធ្លាប់ជាប់ពន្ធនាគារពីបទមើលងាយតុលាការ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។ លោកបដិសេធការចោទប្រកាន់នោះ។
គណបក្ស Move Forward ដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយមមិនឲ្យបង្កើតរដ្ឋាភិបាលនោះ ត្រូវបានបញ្ជូនទៅតុលាការដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ជុំវិញយុទ្ធនាការរបស់គណបក្សដែលសុំឲ្យមានការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្ររបស់ថៃ ជាច្បាប់ក្រោមមាត្រា 112 នៃក្រមព្រហ្មទណ្ឌ។ គណបក្សបដិសេធថា មិនបានប្រព្រឹត្តអ្វីខុសឡើយ៕