
អ្នកការទូតជាន់ខ្ពស់ និងប្រមុខការពារជាតិមកពីប្រទេសជប៉ុន និងហ្វីលីពីន នឹងជួបពិភាក្សាគ្នានៅដើមខែក្រោយ ដោយស្វែងរកការពង្រឹងទំនាក់ទំនងសន្តិសុខ ខណៈដែលភាពតានតឹងជាមួយប្រទេសចិន កាន់តែកើនឡើង។
ក្រសួងការបរទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែមិថុនា បាននិយាយថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិ លោក Minoru Kihara នឹងធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល ដើម្បីជួបជាមួយសមភាគីហ្វីលីពីន នៅថ្ងៃទី៨ ខែកក្កដា។
ទីភ្នាក់ងារនេះបានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីទាំង ៤រូប ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីបញ្ហាការពារជាតិ និងសន្តិសុខនៅក្នុងតំបន់។ កិច្ចប្រជុំដែលមានឈ្មោះថា «2+2» គឺជាយន្តការពិគ្រោះយោបល់ខ្ពស់បំផុត រវាងប្រទេសទាំង២។
គួរបញ្ជាក់ថា ទាំងទីក្រុងម៉ានីល និងតូក្យូ កំពុងធ្វើការលើកិច្ចព្រមព្រៀងមានសិទ្ធិចូលទៅប្រើប្រាស់ទៅវិញទៅមក ជាកតិកាសញ្ញាការពារដ៏សំខាន់ ដែលរំពឹងថា នឹងសម្រួលដល់ដំណើរទស្សនកិច្ចយោធាទៅវិញទៅមក រវាងប្រទេសទាំង២៕