លោកប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតីដែលត្រូវបានគេមើលឃើញថាជាជ័យជម្នះសម្រាប់គូប្រជែងក្នុងការបោះឆ្នោតរបស់លោក គឺអតីតប្រធានាធិបតី លោក Donald Trump ដោយបានហៅថាជាគំរូដ៏គ្រោះថ្នាក់ដែលបានធ្វើឱ្យខូចប្រយោជន៍ប្រជាជនអាមេរិក។

ក្នុងសន្ទរកថាដែលបានធ្វើចេញពីសេតវិមាន លោក Biden បាននិយាយថា សេចក្ដីសម្រេចនេះមានន័យថា លោក Trump ទំនងជាមិនបាច់បន្តការជំនុំជម្រះក្ដីនៅមុនការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា នោះទេ សម្រាប់តួនាទីរបស់លោកក្នុងការស្វែងរកការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ។

តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានរកឃើញកាលពីថ្ងៃចន្ទថា លោក Trump មិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពណាមួយដែលស្ថិតនៅក្នុងអំណាចរដ្ឋធម្មនុញ្ញរបស់លោកក្នុងនាមជាប្រធានាធិបតីនោះទេ ប៉ុន្តែអាចសម្រាប់សកម្មភាពឯកជន នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយដែលទទួលស្គាល់ជាលើកដំបូងនូវទម្រង់នៃអភ័យឯកសិទ្ធិប្រធានាធិបតីពីការកាត់ទោស។
លោក Biden បាននិយាយថាប្រទេសនេះត្រូវបានបង្កើតឡើងនៅលើគោលការណ៍ដែលថាមិនមានស្តេចនៅអាមេរិក។ យើងម្នាក់ៗមានភាពស្មើគ្នាចំពោះមុខច្បាប់។ គ្មាននរណាម្នាក់ នៅពីលើច្បាប់នោះទេ។ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ៕