នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា ប្រទេសរបស់លោកស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» នៃការលុបបំបាត់កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងអំឡុងពេលជួបជាមួយកម្មាភិបាលមកពីមហាវិទ្យាល័យសន្តិសុខជាតិរបស់អ៊ីស្រាអែលថា៖ «យើងកំពុងឆ្ពោះទៅរកប្រតិបត្តិការបញ្ចប់នៃការលុបបំបាត់ក្រុមហាម៉ាស»។

យោងតាមការិយាល័យនោះ ការប៉ាន់ប្រមាណរបស់លោក ណេតាន់យ៉ាហ៊ូ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានទៅពិនិត្យអង្គភាពតំបន់ហ្កាហ្សា និងបានបើកកិច្ចប្រជុំវាយតម្លៃសន្តិសុខជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) និងមេបញ្ជាការជាន់ខ្ពស់របស់កងទ័ព ស្តីពីការវាយលុករយៈពេលប្រាំបួនខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា «ដោយសង្កត់ធ្ងន់ទៅលើការប្រយុទ្ធគ្នានៅក្រុងរ៉ាហ្វា (Rafah) ដូចជា ក៏ដូចជាការបន្តដាក់សម្ពាធយោធាលើក្រុមហាម៉ាស»។
នៅថ្ងៃចន្ទនោះផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលយ៉ាងច្រើនចេញពីក្រុង ខាន់យូនីស (Khan Younis) ភាគខាងកើត ដែលជាសញ្ញាថាកងកម្លាំងជើងគោកអាចនឹងបន្តការវាយលុករបស់ពួកគេឡើងវិញនៅក្នុងទីក្រុងហ្កាហ្សា ភាគខាងត្បូង ដោយសន្មតថាអាចនឹងប្រយុទ្ធជាមួយកងកម្លាំងហាម៉ាស ដែលបានប្រមូលផ្តុំឡើងវិញនៅក្នុងតំបន់នោះ។ អ៊ីស្រាអែល បានបញ្ចប់ការវាយប្រហារទ្រង់ទ្រាយធំនៅក្រុង ខាន់យូនីស នៅដើមខែមេសា ហើយបន្ទាប់មកបានដកទ័ពភាគច្រើនចេញពីទីនោះ៕