ព្យុះសង្ឃរា Beryl បាននាំមកនូវខ្យល់បក់បោកដ៏មានឥទ្ធិពល និងភ្លៀងធ្លាក់ខ្លាំងទៅកាន់ប្រជុំកោះ នៅតំបន់សមុទ្រការ៉ាអ៊ីប កាលពីថ្ងៃចន្ទ ខណៈព្យុះប្រភេទទី៤ ដំបូងបំផុតមិនធ្លាប់មាន បានបោកបក់ឆ្ពោះទៅទិសខាងលិច។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក (NHC) បាននិយាយថា កោះ ខារាគូ(Carriacou) បានទទួលរងដោយផ្ទាល់ពីព្យុះដ៏គ្រោះថ្នាក់ ដោយមានកម្លាំងខ្យល់បក់ក្នុងល្បឿន ២៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក និយាយបន្ថែមថា កោះជាច្រើននៅក្បែរៗនោះ ក៏បានជួបប្រទះ ខ្យល់បក់បោកដ៏មហន្តរាយ និងព្យុះកំណាចដែលគំរាមកំហែងដល់អាយុជីវិត។
មជ្ឈមណ្ឌលនិយាយថា ដោយបានបង្ហោះវីដេអូបង្ហាញពីរលកធំៗ ការិយាល័យនាយករដ្ឋមន្រ្តី របស់ប្រទេសកោះ ហ្គ្រីណាដា បានសរសេរនៅលើបណ្តាញសង្គម Facebook ថារដ្ឋកោះចំនួនបីនេះ កំពុងជួបប្រទះខ្យល់បក់ខ្លាំង និងរងការបំផ្លាញ។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិត។
អ្នកជំនាញនិយាយថា ព្យុះដ៏មានឥទ្ធិពលបែបនេះ កើតឡើងនៅដើមរដូវខ្យល់ព្យុះសង្ឃរាសមុទ្រអាត្លង់ទិក ចាប់ផ្តើមពីដើមខែមិថុនា ដល់ចុងខែវិច្ឆិកា គឺកម្រមានណាស់។

ប្រទេសកោះបាបាដូស ទំនងជារួចផុតពីព្យុះដ៏អាក្រក់បំផុតនេះ ប៉ុន្តែនៅតែត្រូវទទួលរងការវាយបោកបក់ដោយខ្យល់និងភ្លៀងធ្លាក់ខ្លាំង ខណៈមន្ត្រីរាយការណ៍ថា ពុំមានអ្នករងរបួសនោះទេរហូតមកដល់ពេលនេះ។