កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា បានចេញបទបញ្ជាជម្លៀសថ្មី សម្រាប់ផ្នែកមួយចំនួននៅទីក្រុង Khan Yunis និងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយសាក្សីបានរាយការណ៍ថាមនុស្សជាច្រើនកំពុងភៀសខ្លួនចេញ។ មនុស្សរាប់ម៉ឺននាក់ បានចាកចេញរួចហើយពីទីក្រុង Rafah នៅមុន និងក្នុងអំឡុងពេលការវាយលុកតាមជើងគោក ដែលបានចាប់ផ្តើមដោយកងទ័ពអ៊ីស្រាអែល នៅ ទីក្រុងភាគខាងត្បូងផុត ចាប់តាំងពីដើមខែឧសភា។

ការព្រមានគឺសម្រាប់តែក្រុង អាល់ហ្ការ៉ារ៉ា(Al-Qarara) ក្រុងបានី ស៊ូហៃឡា(Bani Suhaila) និងទីប្រជុំជនផ្សេងទៀត ដែលបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ហើយបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល បាននិយាយថាមីស៊ីលចំនួន២០គ្រាប់ ត្រូវបានបាញ់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុង Khan Yunis ហើយការវាយប្រហារនេះ ត្រូវបានអះអាងថា ដោយស្លាបប្រដាប់អាវុធរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមប៉ាឡេស្ទីន ជីហាត។

ពលរដ្ឋក្រុង Bani Suhaila បាននិយាយថា ការភ័យខ្លាច និងភាពអន្ទះសារដោយក្តីបារម្ភខ្លាំង បានរួមរឹតលើពលរដ្ឋជាច្រើន បន្ទាប់ពីការបញ្ជាឲ្យជម្លៀសចេញ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា វាទើបតែបង្ហាញជាថ្មីម្តងទៀតថា គ្មានកន្លែងណាមានសុវត្ថិភាពនៅក្នុងតំបន់ហ្កាហ្សានោះទេ ដូច្នេះកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតត្រូវតែធ្វើឡើងដើម្បីការពារជនស៊ីវិល។
លោក Stephane Dujarric អ្នកនាំពាក្យបាននិយាយថា វាជាការបញ្ឈប់មួយផ្សេងទៀតនៃចំណាត់ការដ៏បង្ហូរឈាម ដែលប្រជាជននៅតំបន់ហ្កាហ្សា ទទួលរងជាប្រចាំ។
សង្គ្រាម បានចាប់ផ្តើមដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ពីសំណាក់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល បណ្តាលឱ្យមនុស្ស១.១៩៥នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខរបស់សារព័ត៌មាន AFP ដែលផ្អែកលើតួលេខខាងអ៊ីស្រាអែល ហើយការវាយលុកសងសឹករបស់អ៊ីស្រាអែលវិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧.៩០០នាក់ ភាគច្រើនជាជនស៊ីវិលផងដែរ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាល នៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស។