ជនរងគ្រោះជាង ១០០ នាក់ និងសាច់ញាតិរបស់ជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងប្រទេសអ៊ីស្រាអែល បានប្តឹងប្រទេសអ៊ីរ៉ង់ ស៊ីរី និងកូរ៉េខាងជើងកាលពីថ្ងៃចន្ទ (០១ កក្កដា) ដោយចោទប្រកាន់ប្រទេសទាំងនេះថាបានផ្តល់ការគាំទ្រដល់ក្រុមហាម៉ាស និងទាមទារសំណងយ៉ាងហោចណាស់ ៤ ពាន់លានដុល្លារ។

បណ្តឹងដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោន ដោយសម្ព័ន្ធប្រឆាំងការបរិហារកេរ្តិ៍ (ADL) គឺជាសំណុំរឿងដ៏ធំបំផុតប្រឆាំងនឹងប្រទេសបរទេសពាក់ព័ន្ធនឹងការវាយប្រហារនោះ ហើយជាបណ្តឹងដំបូងដែលគាំទ្រដោយអង្គការជ្វីហ្វ នេះបើតាមសម្ព័ន្ធ ADL បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន។
បណ្ដឹងនោះចោទប្រទេសទាំងបីថាបានផ្តល់ជំនួយហិរញ្ញវត្ថុ យោធា និងយុទ្ធសាស្ត្រដល់ក្រុមហាម៉ាស។

សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានចាត់ទុកប្រទេសអ៊ីរ៉ង់ ស៊ីរី និងកូរ៉េខាងជើង ថាជាអ្នកឧបត្ថម្ភដល់អំពើភេរវកម្ម។ ដើមបណ្តឹងក្នុងសំណុំរឿងនេះរួមមានពលរដ្ឋអាមេរិកដែលរងរបួសកាលពីថ្ងៃទី០៧ ខែតុលា ក៏ដូចជាសាច់ញាតិ និងក្រុមជាប់ពាក់ព័ន្ធរបស់ជនរងគ្រោះដែលបានស្លាប់នៅក្នុងការវាយប្រហារនោះ។
អ៊ីរ៉ង់ បានប្រឈមនឹងបណ្តឹងស្រដៀងគ្នានេះមួយចំនួនរួចទៅហើយទាក់ទងនឹងការវាយប្រហារថ្ងៃទី៧ ខែតុលា។ វាជារឿងធម្មតាទេសម្រាប់បណ្ដាប្រទេសដែលត្រូវបានចោទប្រកាន់ពីអំពើភេរវកម្មឧបត្ថម្ភដោយរដ្ឋ ក្នុងការមិនអើពើនឹងបណ្តឹងនៅក្នុងសហរដ្ឋអាមេរិក ហើយមិនគោរពការវិនិច្ឆ័យប្រឆាំងនឹងពួកគេនៅក្នុងតុលាការអាមេរិក៕
