មេដឹកនាំនៃសារធារណរដ្ឋ ដាគីស្ថាន (Dagestan) ដែលមានជនជាតិមូស្លីមរស់នៅភាគច្រើនរបស់រុស្ស៊ី ជាទីដែលខ្មាន់កាំភ្លើងកាលពីខែមុន បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមនៅក្នុងទីក្រុងចំនួនពីរ បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា ការគំរាមកំហែងផ្នែកសន្តិសុខនោះគឺមកពី «អង្គការភេរវករអន្តរជាតិ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោក សើហ្កេ មេលីខូវ (Sergei Melikov) ដែលនិយាយថាការវាយប្រហារដែលបណ្ដាលឱ្យមនុស្ស ២២នាក់បានស្លាប់កាលពីថ្ងៃទី២៣ ខែមិថុនា បានដាក់គោលដៅលើព្រះវិហារ និងសាលាប្រជុំសាសនាជ្វីហ្វ។

បណ្ដាអ្នកជំនាញផ្នែកសន្តិសុខលោកខាងលិចបាននិយាយថា ការវាយប្រហារនេះគឺជាភស្តុតាងបន្ថែមទៀតដែលថារុស្ស៊ី ដែលជាប់រវល់ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន កំពុងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងឡើងជាមួយនឹងអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងស្រុក។ ប៉ុន្តែលោក មេលីខូវ បានទទូចថាការគំរាមកំហែងនេះគឺជារឿងខាងក្រៅប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោកថា «កត្តាគម្រាមកំហែងសំខាន់ដែលជះឥទ្ធិពលដល់ស្ថានភាពនៅក្នុងសាធារណរដ្ឋ នៅតែជាសកម្មភាពកើនឡើងនៃអង្គការភេរវករអន្តរជាតិ»។ លោកបន្ថែមថា មានភ័ស្តុតាងដោយផ្ទាល់ និងដោយប្រយោលដែលចង្អុលទៅតួនាទីនៃ «សត្រូវផ្ទាល់របស់រុស្ស៊ី» នៅក្នុងការវាយប្រហារនេះ ប៉ុន្តែមិនបានបញ្ជាក់ថាពួកគេជានរណា ឬជាភស្តុតាងអ្វីនោះទេ។
ការវាយប្រហារនៅដែនដី ដាគីស្ថាន នេះបានកើតឡើងរយៈពេលបីខែ បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសាលប្រគុំតន្ត្រីមួយនៅជិតទីក្រុងមូស្គូ ដោយសម្លាប់មនុស្ស ១៤៥ នាក់ នៅក្នុងការសម្លាប់រង្គាលមួយដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕